ដោយៈ ហ្វីអូណា
ធនាគារជាតិនៃកម្ពុជាបានកត់សម្គាល់ឃើញថា ថ្មីៗនេះក្រុមហ៊ុនឯកជនមួយចំនួនបានផ្សព្វផ្សាយ ជាសាធារណៈយ៉ាងសកម្មតាមរយៈបណ្ដាញសង្គម ការចែកនាមប័ណ្ណ និងផ្ញើសារតាមទូរស័ព្ទជាដើម។ អាស្រ័យហេតុនេះ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនពីផលវិបាកធំៗ ដែលបណ្តាលមកពី ការប្រើប្រាស់កម្ចីខុសច្បាប់ ដូចខាងក្រោម ៖
- អតិថិជនអាចប្រឈមមុខនឹងបំណុលវ័ណ្ឌក ដោយសារអត្រាការប្រាក់និងកម្រៃសេវាផ្សេងៗ ខ្ពស់យ៉ាងខ្លាំងជាងគ្រឹះស្ថានដែលស្របច្បាប់ និងការគណនាការប្រាក់ពុំត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិ
- អតិថិជនអាចប្រឈមមុខនឹងការគំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬ រូបភាពផ្សេងៗ ដើម្បីបង្ខំឲ្យសងប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យដែលមិនសមហេតុផលទៅក្រុមហ៊ុនវិញ
- ទ្រព្យធានារបស់អតិថិជនអាចត្រូវបានក្រុមហ៊ុន… ឬអ្នកផ្ដល់កម្ចីខុសច្បាប់ រឹបអូសដោយ ពុំឆ្លងកាត់ការសម្រេចពីតុលាការ ជាដើម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងស្នើសុំសាធារណជន បង្កើនការប្រុងប្រយ័ត្ន និងជៀសវាងការប្រើប្រាស់សេវាកម្មកម្ចីពីក្រុមហ៊ុន ឬ អ្នកផ្ដល់កម្ចីដែលគ្មានច្បាប់ អនុញ្ញាតទាំងនោះ។ … ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាបានកំពុងនឹងស្នើសុំការសហការពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុន ឬ អ្នកផ្តល់កម្ចីខុសច្បាប់គ្រប់រូបភាពទាំងអស់។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមសំណូមពរដល់ ប្រជាពលរដ្ឋត្រូវចៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមាន ការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។ ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា សូមប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពផ្តល់ឥណទានខុសច្បាប់រាយការណ៍មក ធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទចំនួន ៥ ខ្សែ៖ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០។ បន្ថែមពីនេះ ប្រជាពលរដ្ឋក៏អាច ប្រឹក្សា/សាកសួរអំពីចម្ងល់និងបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុមកធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទខាងលើផងដែរ។






