ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះសៀមរាបថ្មីបានរក្សាផ្ទៃដី១០០០ហិកតាសាងសង់ទីក្រុងរណបនាពេលខាងមុខ

0

ដោយៈ គង់ ហ្វីអូណា

        សៀមរាបៈ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ការងារសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ សម្រេចបានចំនួនជាង៩៨%ហើយ ដែលគ្រោងដាក់ឱ្យដំណើរការហោះហើរ នៅខែតុលាខាងមុខនេះ។

នេះបើតាមការបញ្ជាក់របស់លោកស៊ិន ចាន់សិរីវុត្ថាអនុរដ្ឋលេខា​​ធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។អាកាសយានដ្ឋាននេះមានឈ្មោះជាផ្លូវការថា “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” ជាអក្សរឡាតាំង “SIEM REAP ANGKOR INTERNATIONAL AIRPORT” និងមានឈ្មោះជាកូដអក្សរVDSA (ICAO code) និង SAI (IATA code)។ទម្រង់វិនិយោគ “សាងសង់-អាជីវកម្ម-ផ្ទេរ/BOT” គឺជាការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី (greenfield) ទាំងស្រុងលើផ្ទៃដីទំហំ ៧០០.០៦ហិកតា និងមានដីបម្រុងប្រមាណ១ ០០០ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស/ តំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលអាចហៅថា “ទីក្រុងអាកាសយានដ្ឋាន/Airport City”នាពេលខាងមុខ។

ទុនវិនិយោគអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ មានចំនួនប្រមាណ៨៨០លានដុល្លារអាមេរិក ត្រូវបានកំណត់នៅឆ្នាំ២០១៩ ប៉ុន្តែតម្រូវការនៃទុនវិនិយោគនេះ បានកើនឡើងរហូតដល់ ១ ១០០លានដុល្លារអាមេរិក នៅឆ្នាំ២០២២។លោកស៊ិន ចាន់សិរីវុត្ថា បញ្ជាក់ឱ្យដឹងថា សម្រាប់ការទទួលយកបុគ្គលិកពីព្រលានយន្តហោះចាស់ មកព្រលានយន្តហោះថ្មី ទៅតាមការស្ម័គ្រចិត្ដ កំពុងតែវិវត្តន៍ដោយរលូន ប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ហើយក្រុមហ៊ុនប្រតិបត្ដិករអាកាសយានដ្ឋានថ្មីនេះ បាននិងទទួលយកទាំងអស់ នូវបុគ្គលិកទាំងឡាយណា ដែលមានបំណងមកបម្រើការងារនៅអាកាសយានដ្ឋានថ្មីនេះ ដោយអនុលោមទៅតាមក្រប ខណ្ឌគតិយុត្តិ និងគោលការណ៍ឈ្នះ-ឈ្នះ តួនាទី និងភារកិច្ច (អាជីព) របស់បុគ្គលិកដែលធ្លាប់បម្រើការងារ នៅអាកាសយានដ្ឋានចាស់នឹងត្រូវបានរក្សាដូចតួនាទីដដែល ធ្លាប់មានកន្លងមក ឬអាចទទួលបានប្រសើរជាងមុន (អាស្រ័យទៅលើការវាយតម្លៃ និងវាស់វែងសមត្ថភាពជាក់ស្តែង) ក្នុងនោះដែរ។ចំពោះអ្នកដែលមានបំណងផ្លាស់ប្ដូរអាជីព ក៏ត្រូវទទួលបានការអនុញ្ញាតផងដែរ បច្ចុប្បន្នក្រុមហ៊ុនប្រតិបត្តិករ បាននិងកំពុងជ្រើសរើសបុគ្គលិកខាងក្រៅបន្ថែមជាបណ្តើរៗ ធ្វើការបណ្ដុះបណ្ដាលជំនា​ញ ដើម្បីបំពេញបន្ថែមស្របតាមតម្រូវការ។

ចំណែកកិច្ចការសម្របសម្រួល ក្នុងការបិទអាកាសយានដ្ឋានចាស់ ដើម្បីឈានទៅបើកអាកាសយានដ្ឋានថ្មី កំពុងតែវិវត្តន៍ស្របទៅតាមលក្ខខណ្ឌ និងបែបបទបច្ចេកទេស ស្របទៅតាមតារាងកម្មវិធី និងពេលវេលាដូចដែលបានឯកភាព និងព្រាងទុកផងដែរ។

ចំពោះការទទួលបាននូវវិញ្ញាបនបត្រ អាកាសយានដ្ឋាន (Aerodrome Certificate) រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាន និងកំពុងផ្តល់កិច្ចសហការសម្របសម្រួល និងផ្ដល់ការគាំទ្រជាបន្តបន្ទាប់ដល់ក្រុមហ៊ុនប្រតិបត្តិករ ក្នុងការបំពេញបាននូវលក្ខខណ្ឌតម្រូវការបច្ចេកទេស និងភាពអនុលោមសុវត្ថិភាពមួយចំនួនធំបន្ថែមទៀត ដើម្បីទទួលបាននូវវិញ្ញាបនបត្រនេះ មុននឹងបើកដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីជាផ្លូវការ។ បន្ទាប់ពីដំណាក់កាលទី១ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរ​ជាតិសៀមរាបអង្គរ នឹងមានសមត្ថភាព ទទួលបានការចុះចតយន្តហោះរហូតដល់យន្តហោះធុនធំ ដែលប្រើប្រាស់កូដអ៊ី (Code E: A-340-300, A350-900 នឹង B777-200/300ER, B747-300/400) ដែលមានចំណតយន្តហោះចំនួន៣៨ចំណត អាចទទួលអ្នកដំណើរបានពី៧លាននាក់/ឆ្នាំ(២០២៣) ទៅ១០.៥លាននាក់/ឆ្នាំ (ឆ្នាំ២០៣០-២០៤០) ហើយអាចទទួលជើងហោះហើរបានពី ៥៨,០០០ជើង/ឆ្នាំ (២០២៣) ទៅ៨៦,០០០ជើង/ឆ្នាំ (២០៣០-២០៤០) និងអាចទទួលទំនិញ តាមផ្លូវអាកាសពី១០,០០០តោន/ឆ្នាំ (២០២៣) ទៅ ៣០,០០០តោន/ឆ្នាំ (២០៣០-២០៤០)។

ការសាងសង់ផ្លូវហាយវេពិសេស ដែលមានប្រវែង២៤.៥គីឡូ​ម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទៅកាន់ទីរួមខេត្តសៀមរាប (ផ្លូវហាយវេអាកាសយានដ្ឋាន) សម្រេចបាន៩៤% ដែលផ្លូវនេះត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៦ ត្រង់បង្គោលគីឡូម៉្រែតលេខ២៩៤ ត្រង់ទៅកាន់អាកាសយានដ្ឋាន។ ការសាងសង់ផ្លូវហាយវេអាកាសយានដ្ឋាននេះ គ្រោងនឹងបញ្ជប់នៅខែកញ្ញា ឆ្នាំ២០២៣។ លោកស៊ិន ចាន់សិរីវុត្ថា បន្តថា តាមការគ្រោងទុក អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរថ្មីនេះ គ្រោងនឹងដាក់ឲ្យសម្ពោធជាផ្លូវការ នៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co.,Ltd (AIAI)។

ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) មានភាគហ៊ុនិក ទី១ ក្រុមហ៊ុនវិនិយោគយូណាន (Yunnan Investment Group) មានភាគហ៊ុនចំនួន ៧៦.៦% ទី២ ក្រុមហ៊ុនសំណង់យូណាន (Yunnan Construction Group) មានភាគហ៊ុនចំនួន ២០% និងទី៣ ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយូណាន (Yunnan Airport Group) មានភាគហ៊ុនចំនួន ៣.៤%៕

LEAVE A REPLY

Please enter your comment!
Please enter your name here