ខេត្តកោះកុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចំនួន ជិត២៦ម៉ឺននាក់

0

ដោយៈគង់ ហ្វីអូណា

        កោះកុងៈ ខេត្តកោះកុងបាន និងកំពុងបន្តទាក់ទាញសក្តានុពល ទេសចរណ៍ ដោយសារសក្តានុពលនៃធនធានធម្មជាតិរបស់ខ្លួន ជាក់ស្តែងក្នុងរយៈពេលមាន៦ខែឆ្នាំនេះ ខេត្តកោះកុងទទួលបានភ្ញៀវទេសចរណ៍សរុបចំនួនជាង២៥ម៉ឺននាក់។

ប្រធានមន្ទីរទេសចរណ៍ ខេត្តកោះកុង លោកសុខ ច័ន្ទគ្រឹស្នា បានមានប្រសាសន៍ឲ្យដឹងថា ខេត្តកោះកុង ទទួលបានភ្ញៀវទេសច​រណ៍សរុបចំនួន២៥៩,៨៥៨នាក់ ថយចុះចំនួន៧៦៧នាក់ស្មើ នឹង០,២ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះមានភ្ញៀវទេសចរណ៍ជាតិសរុបចំនួន២៥៤,៣២៥នាក់ និងភ្ញៀវបរទេសចំនួន៥៥៣៣នាក់។លោកបន្តថា ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកសម្រាកកំសាន្ត នៅក្នុងខេត្តកោះកុង ឲ្យបានកាន់តែច្រើនបន្ថែមទៀត មន្ទីរបានរៀបចំ និងអនុវត្តnសកម្មភាពមួយចំនួនដូចជាការរៀបចំព្រឹតិការផ្សេងៗ ដោយសហការជា១រដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ពិពណ៌ទេសចរផ្លែឈើ និងផលិតផលភូមិមួយផលិតផលមួយ សហការជាអាជ្ញាធរមូលដ្ឋាន ចុះពង្រឹងគុណភាពសេវាកម្មនិងផលិតផលទេសចរ តាមគោលដៅធំៗដែលជាគោលដៅមានភាពទាក់ទាញខ្លាំង និងបើកវគ្គបណ្តុះបណ្តាលស្តីពី ទេសចរ ការធ្វើបដិសណ្ធារកិច្ចភ្ញៀវ តាមគោលដៅទេសចរណ៍ចុះសិក្សាស្រាវជ្រាវគោលដៅទេសចរណ៍ថ្មីៗ ដើម្បីរៀបចំជាសៀវភៅផ្នត់ សៀវភៅមក្គុទេស ក៏ដូចជា វីដេអូដើម្បីផ្សព្វផ្សាយដល់ភ្ញៀវទេសចរ តាមរយៈផ្ទាល់និងតាមបណ្តាញសង្គមផងដែរ។

លោកប្រធានមន្ទីរទេសចរបានអោយដឹងថា បច្ចុបន្បន្ននេះ តំបន់ដែលមានសក្តានុពល និងទាក់ទាញសំខាន់ៗរបស់ខេត្តកោះ​កុងរួមមាន ក្រុងខេមរភូមិន្ទ ចេតិយខុនឆាង រមណីដ្ឋានព្រៃកោងកាង ពាមក្រសោប ទឹកធ្លាក់តាតៃ ឆ្នេរបាក់ឆ្លង ឆ្នេរចាំយាម សហគមន៍អេកូទេសចរជីផាត អារែង ឧទ្យានជាតិបទមសាគរ ស្រុកថ្មបាំង កោះស្តេច និងប្រជុំកោះជុំវិញ កោះកុងក្រៅ តំបន់វិស្សមកាលតារាសាគរ និងឆ្នេរតាមកោះ ឆ្នេរនេសាទ ស្ទឹងពពក ទឹកធ្លាក់ស្ទឹងពង្រួល និងសហគមន៍ការពារភ្នំទ័ពជាដើម។
ខេត្តកោះកុងគឺជាខេត្តដែលសំបូរ ដោយធនធានធម្មជាតិ មានសក្តានុពលខាងផ្នែកទេសចរណ៍ ដូចជា តំបន់អេកូទេសចរធម្មជាតិព្រៃកោងកាង ទឹកធ្លាក់ តំបន់ឆ្នេរ តំបន់ផ្កាថ្ម និងតំបន់កោះ១ចំនួន បច្ចុបន្បន្នខេត្តកោះកុង បាននឹងកំពុងយកចិត្តទុកដាក់ អភិវឌ្ឍន៍លើវិស័យទេសចរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here