កម្ពុជាទទួលបានជើងហោះហើរសរុបជិត២៥០០០លើក នៅក្នុងឆមាសទី១

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ជើងហោះហើរ​ជាតិ និង​អន្តរជាតិ សរុប​ជិត២៥០០០លើកបានធ្វើ​ប្រតិបត្តិការ ​នៅតាម​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង៣ នៅ​អំឡុង​ឆមាស​ទី១ ឆ្នាំ​២០២៣ កើនឡើង​ជិត១៥០​ភាគរយ ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២២ ខណៈ​ចំនួន​ភ្ញៀវ​ធ្វើ​​ដំណើរ​ឆ្លងកាត់​មាន​ជាង២,៤​លាន​នាក់​។

​យោងតាមរបាយការណ៍ របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បានបង្ហាញថា គិតពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២៣ ចំនួន​ជើងហោះហើរ​ដែល​ធ្វើ​ប្រតិបត្តិការ ​នៅ​អាកាសយាន​​ដ្ឋា​ន​អន្តរជាតិ​ទាំង៣របស់​កម្ពុជា គឺអា​កាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ខេត្តសៀមរាប និង​អាកាសយា​នដ្ឋានខេត្ត​ព្រះសីហនុ​ ទទួលបានជើងហោះហើរសរុប២៤,៧២៥​លើក កើនឡើង១៤៧,៦៧​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២​។

ជាមួយគ្នានេះ​ចំនួន​អ្នក​ដំ​​ណើ​រ ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង៣ មានចំនួន​សរុប២,៤៨០,០៣២​នាក់ កើន២៦៩,៩៦ ភាគរយ​។​

ទោះបីយ៉ាងណា បរិមាណ​ទំនិញ​ឆ្លង​កាត់​តាមផ្លូវ​អាកាស គឺ​សម្រេចបាន​ត្រឹម២៤,៦១៦​តោន ធ្លាក់ចុះ១៧,៨៦​ ភាគ​រយ​បើ​ធៀប​ឆមាស​ទី​១ ឆ្នាំ ២០២២​។​

អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកា សចរ​ស៊ីវិល លោក ស៊ីន ចាន់​សិរី​វុត្ថា បាន​មានប្រសាសន៍ឲ្យដឆឹងថា ការ​ងើបឡើង​វិញ​នៃ​ចំនួន​ជើងហោះហើរ គឺ​កំពុងផ្តល់​ផល​វិជ្ជមាន​ច្រើន​ដល់​ប្រជា​ជន និង​កំណើន​សេដ្ឋកិច្ចជាតិ​ ប៉ុន្តែទោះ​យ៉ាងណា​កំណើន​នេះ ​មិន​ឡើង​លឿន​ដូច​ការរំពឹងទុក​ឡើយ ដោយ​វា​អាស្រ័យទៅលើ​បរិបទ​នយោបាយ និង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក។

លោក​បន្តទៀតថា ​ជាទូទៅ​យើង​ពិនិត្យឃើញថា ការកើនឡើង គឺ​ពី១​ ខែ​ទៅ ​១ ​ខែ ពី​១​ឆមាស​ទៅ ១​ឆមាស គ្រាន់តែ​ការ​កើន​នោះ​វា​មិនសូវមាន​សម្ទុះ​ខ្លាំង​។ កំណើន​នេះ គឺ​ខុសពី​អំឡុង​ឆ្នាំ​ ២០១៩​ ដែល​ពេលនោះ​មាន​កំណើន​ខ្លាំង​។​

លោក​ប្រាប់ទៀតថា កំណើន​ជើង​ហោះហើរ​ នឹង​បន្ត​សញ្ញា​វិជ្ជមាន​បន្ថែមទៀត ដោយ​វា​នឹង​ដើរ​ស្របតាម​ការ​ព្យា​ករ ​របស់​ក្រសួងទេសចរណ៍ ដែល​រំពឹង​ទទួលបាន​ទេសចរ​បរ​ទេស​ក្នុង​រង្វង់៤,៥​ លាន​នាក់ នៅ​ឆ្នាំ​២០២៣ នេះ​។​

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោកជា ចាន់​ដា​រ៉ា ឱ្យដឹងថា ភាព​ធូរស្រាល​ពី​វិបត្តិ​កូ​វីដ​ ១៩ ដែល​អនុញ្ញាត ឱ្យ​គ្រប់​ប្រទេស​បើកទូលាយ​លើ​ការធ្វើដំណើរ ពិសេ​ស​​ចាប់​តាំងពីដើម​ឆ្នាំ​២០២៣ គឺ​ធ្វើឱ្យ​ចំនួន​នៃ​ការធ្វើដំណើរ​ទាំង​ផ្លូវគោក​ផ្លូវអាកាស និង​ផ្លូវទឹក​ហក់​ឡើង​ព្រម​គ្នា​។ កំណើន​ជើងហោះហើរ គឺ​ពិតជា​សញ្ញា​ល្អប្រសើរ​សម្រាប់​សេដ្ឋកិច្ច​។

លោក​ថ្លែងថា​ ​“កំណើន​ជើង​ហោះ​ហើរ​គឺ​បញ្ជាក់ថា ចំនួន​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ ចូលមក​កម្ពុជា​កាន់តែ​ច្រើន ដែល​នេះ​ជា​សញ្ញា​ល្អ​សម្រាប់ ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​”

 

LEAVE A REPLY

Please enter your comment!
Please enter your name here