ដោយៈ ហ្វីអូណា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រែក្លាយពីឧស្សាហកម្មប្រើប្រាស់កំលាំងទៅពឹងផ្អែកជំនាញ និងបច្ចេកវិទ្យា ដោយរំពឹងថា នឹងបង្កើនផលិតភាពនៃការផលិតកាន់តែខ្លាំង ដើម្បីឆ្លើយតបនឹងទីផ្សារ និងចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។ ខណៈបច្ចុប្បន្ននេះ វិស័យឧស្សាហកម្ម នឹងអាចចូលរួមចំណែកផលិតផលក្នុងស្រុកសរុប (GDP) កាន់តែខ្ពស់។
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងក្នុងវេទិកាធុរកិច្ចប្រកបដោយនិរន្តរភាព “រួមគ្នាដើម្បីភាពរីកចម្រើន របស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា” ថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលបានបន្តផ្តោតការយកចិត្តទុកដាក់ លើការចូលរួមអភិវឌ្ឍន៍ផែនការសកម្មភាព គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ តាមដំណាក់កាល និងពេលវេលានីមួយៗ។
លោកបញ្ជាក់ថា “បន្ទាប់ពីការបោះឆ្នោតសកល នាពេលខាងមុខនេះ កម្ពុជាបានព្យាករពីការកើនឡើង នៃការវិនិយោគលើវិស័យបច្ចេកវិទ្យា និងរ៉ែ ដោយវិស័យឧស្សាហកម្មរំពឹងថា ក្នុងឆ្នាំ២០២៣ នឹងអាចចូលរួមចំណែ កក្នុងផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរង្វង់ ៣៩ភាគរយ ដោយបង្កើនផលិតភាពនៃការផលិតកាន់តែខ្ពស់ នឹងចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិកាន់តែប្រសើរ”។ លោកបន្តថា “កម្ពុជាបានបង្កើតបទប្បញ្ញត្តិច្បាប់ និងអនុវត្តច្បាប់វិនិយោគ ដើម្បីទាក់ទាញអ្នកវិនិយោគ ស្របពេលដែលកម្ពុជា នឹងជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន១,៥លាននាក់ នៅអាណត្តិក្រោយរបស់រដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍ នៃតម្រូវការធនធានមនុស្សនៅក្នុងប្រទេស”។
លោកបណ្ឌិតបានបន្ថែមថា ស្ថិតនៅក្រោមដំបូលនៃសន្តិភាព កម្ពុជាបានធ្វើការកែទម្រង់ នូវបទដ្ឋានគតិយុត្តិជាច្រើន និងបរិយាកាសនៃការវិនិយោគ និងធុរកិច្ចជាបន្តបន្ទាប់ ការយកចិត្តទុកដាក់ស្តារឡើងវិញបន្ទាប់ពី វិបត្តិកូវីដ១៩ ការរៀបចំប្រព័ន្ធព័ត៌មានវិទ្យា ប្រព័ន្ធឌីជីថល ការពង្រីកទីផ្សារនាំចេញ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ បានក្លាយជាកត្តាវិវត្តន៍ជាវិជ្ជមាន ក្នុងការប្រែក្លាយកម្ពុជាទៅជាទីតាំងផលិតកម្ម ធុរកិច្ច និងវិនិយោគដ៏សំខាន់ ទាំងក្នុងនិងក្រៅប្រទេស ឲ្យមកបណ្តាក់ទុននៅកម្ពុជាជាបន្តបន្ទាប់។






