UNDP: អត្រានៃភាពក្រីក្ររបស់កម្ពុជា ធ្លាក់ចុះពី៣៦,៧ភាគរយមកនៅត្រឹម១៦,៦ភាគរយ

0

តែម សុខុម

ភ្នំពេញ: យោងតាមរបាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា បង្ហាញថា អត្រានៃភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះពី៣៦,៧%ក្នុងឆ្នាំ២០១៤ មកត្រឹម១៦,៦%ក្នុងឆ្នាំ២០២២។

របាយការណ៍នេះបង្ហាញទៀតថា “ចំនួនអ្នកក្រត្រូវបានកាត់បន្ថយពាក់កណ្តាលពី៥,៦លាននាក់មកនៅត្រឹម២,៨លាននាក់។ ក្នុងចំណោមប្រជាជនកម្ពុជា ៥នាក់ មានម្នាក់បានចាកចេញពីភាពក្រីក្រក្នុងរយៈពេលត្រឹមតែ៧,៥ឆ្នាំប៉ុណ្ណោះ”។ផ្អែកតាមរបាយការណ៍នេះ តំបន់ក្រីក្របំផុតរួមមានខេត្តក្រចេះ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង បានកាត់បន្ថយភាពក្រីក្របានលឿនជាងគេបំផុត។ របាយការណ៍ដដែលបន្តថា អត្រានៃភាពក្រីក្របានធ្លាក់ចុះពី៦៤,៣%មកនៅត្រឹម៣៤,៦%ក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង

យោងតាមធនាគារពិភពលោក (World Bank) បង្ហាញថា ខ្សែបន្ទាត់នៃភាពក្រីក្រក្នុងប្រទេសកម្ពុជា ដែលមានប្រជាជនប្រមាណ១៧លាននាក់ គឺត្រូវបានកំណត់យកត្រឹមប្រាក់ចំណូល១០.៩៥១រៀល ឬ ២.៧ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ។ នេះបើបានសេចក្ដីថា ប្រសិនបើមនុស្សម្នាក់រកចំណូលបានលើសនេះក្នុងមួយថ្ងៃមានន័យថា ពួកគេបានចេញផុតពីបន្ទាត់នៃភាពក្រីក្រហើយ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍កាលពីខែមុនថា កម្ពុជា ត្រូវបានព្យាករថានឹងបញ្ចប់ពីឋានៈរបស់ខ្លួនជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧។

សម្ដេចបានលើកឡើងក្នុងសុន្ទរកថាមួយថា “ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា កម្ពុជា នឹងបញ្ចប់ពីឋានៈរបស់ខ្លួនជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ យ៉ាងយូរ ហើយនឹងសម្រេចបាននូវគោលដៅរបស់យើងក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here