ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការ អន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿន តភ្ជាប់ ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៣។
ផ្លូវល្បឿនលឿនទី៣នេះ ត្រូវបានស្នើសុំវិនិយោគ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ ចិន (CRBC) ក្រោម ទម្រង់វិនិយោគសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ដែលមានឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូនជាប្រធានគណៈកម្មការនេះ។
គួររំលឹកថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះកិច្ចព្រមព្រៀង ក្របខណ្ឌលើគម្រោងសាងសង់ផ្លូវល្បឿនលឿន ពី ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន (CRBC)។
ក្នុងពិធីនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងប្រាប់អ្នកកាសែតថា គម្រោងផ្លូវល្បឿនលឿននេះ គឺបែងចែកជាពីរដំណាក់កាលរួមមាន ដំណាក់កាលទី១ ពីរាជធានីភ្នំពេញ ទៅ ក្រុងសៀមរាប មានប្រវែង ២៥០គីឡូម៉ែត្រ និង ដំណាក់កាលទី២ បន្តពីក្រុងសៀមរាបទៅក្រុងប៉ោយប៉ែត ប្រវែង១៥០គីឡូម៉ែត្រ៕








