កូរ៉េខាងត្បូងបាត់បង់តំណែង ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចកំពូលទាំង១០ នៅលើពិភពលោក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសកូរ៉េខាងត្បូងបានជាប់ចំណាត់ថ្នាក់ទី១៣ នៅលើពិភពលោកទាក់ទងនឹងផលិតផលក្នុងស្រុកសរុបបន្ទាប់បន្សំ ( Nominal GDP) កាលពីឆ្នាំ២០២២ ពោលគឺបាត់តំណែងក្នុងចំណោមប្រទេសសេដ្ឋកិច្ចកំពូលទាំង១០ របស់ពិភពលោក។

នៅឆ្នាំ២០២៣នេះ ក្តីសង្ឃឹមរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងការដណ្តើមយកតំណែងរបស់ខ្លួនមកវិញ ក្នុងចំណោមប្រទេសសេដ្ឋកិច្ចកំពូលទាំង១០ ក៏មើលទៅមានភាពស្តួចស្ដើងផងដែរ។

យោងតាមទិន្នន័យរបស់ធនាគារកណ្តាលកូរ៉េ (BOK) ចេញផ្សាយកាលពីថ្ងៃពុធ ម្សិលមិញបានឱ្យដឹងថា GDP បន្ទាប់បន្សំរបស់ប្រទេសកូរ៉េត្រូវបានគេប៉ាន់ប្រមាណថាមានទឹកប្រាក់ចំនួន១,៦៧ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២២។Nominal GDP គឺជាតម្លៃសរុបនៃទំនិញ និងសេវាកម្មទាំងអស់ ដែលផលិតក្នុងកំឡុងពេលកំណត់មួយ ដែលនេះក៏បង្ហាញពីទំហំនៃសេដ្ឋកិច្ចរបស់ប្រទេសមួយផងដែរ។

កូរ៉េខាងត្បូងបានឡើងដល់ចំណាត់ថ្នាក់ទី១០ នៅក្នុងចំណាត់ថ្នាក់ GDP ពិភពលោកជាលើកដំបូងក្នុងឆ្នាំ២០០៥ ប៉ុន្តែប្រទេសនេះបានធ្លាក់នៅខាងក្រៅចំណាត់ថ្នាក់កំពូលទាំង១០ អស់រយៈពេលជាច្រើនឆ្នាំ មុនពេលត្រលប់មកវិញនៅឆ្នាំ២០១៨។

ទោះបីជាប្រទេសកូរ៉េធ្លាក់មកត្រឹមចំណាត់ថ្នាក់លេខ១២ ក្នុងឆ្នាំ២០១៩យ៉ាងណាក្តី ក៏ប្រទេសនេះបានត្រលប់មកចំណាត់ថ្នាក់ទី១០ វិញនៅឆ្នាំ២០២០ ហើយបានបន្តកាន់តំណែងនោះនៅឆ្នាំ២០២១ទៀត។

ការដាំក្បាលចុះនៃទំហំសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង អាចបណ្តាលមកពីការធ្លាក់ចុះនៃថាមពលសេដ្ឋកិច្ចជារួម រួមជាមួយ ការហក់ឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកដ៏ខ្លាំង កាលពីឆ្នាំមុន ដែលបានកាត់បន្ថយផលិតផលក្នុងស្រុកសរុប(Nominal GDP) របស់ប្រទេសនេះ នៅពេលបំប្លែងទៅជាប្រាក់ដុល្លារ។

ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់កំពូលទី១ ជាមួយនឹង ទំហំ GDPចំនួន ២៥,៤៦ ទ្រីលានដុល្លារ។ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ២ជាមួយទំហំ GDP ចំនួន១៧,៨៨ ទ្រីលានដុល្លារ តាមពីក្រោយដោយGDPរបស់ប្រទេសជប៉ុន ចំនួន៤,២៣ ទ្រីលានដុល្លារ GDPរបស់អាល្លឺម៉ង់ចំនួន៤,០៨ទ្រីលានដុល្លារ និងGDPរបស់ចក្រភពអង់គ្លេសចំនួន៣,០៨ទ្រីលានដុល្លារ បន្ទាប់មកគឺឥណ្ឌា បារាំង កាណាដា រុស្ស៊ី អុីតាលី ប្រេសុីល អូស្ត្រាលី និងកូរ៉េខាងត្បូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here