Elon Musk គ្រោងបង្កើតការិយាល័យកណ្ដាលរបស់Tesla នៅប្រទេសម៉ាឡេស៊ី

0

ដោយៈ តែម សុខុម

គូឡាឡាំពួៈ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃសុក្រទី១៤ ខែកក្កដា បានប្រកាសថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សអាមេរិកTesla នឹងបង្កើតការិយាល័យកណ្តាលរបស់ខ្លួននៅក្នុងរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំនេះ។

ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីលោក អាន់វ៉ា បានជួបជាមួយលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX តាម Video Call។

ជំនួបរយៈពេល២៥នាទីនេះ ក៏មានការចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិរបស់ម៉ាឡេស៊ី លោក Tengku Zafrul Tengku Abdul Aziz រដ្ឋមន្ត្រីទូរគមនាគមន៍ និងឌីជីថល លោក Fahmi Fadzil និងនាយកជាន់ខ្ពស់ក្រុមហ៊ុន SpaceX លោកស្រី Lauren Dreyer ផងដែរ។

លោកអាន់វ៉ាបានថ្លែងថា លោកសូមស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន ផលិតរថយន្តអគ្គិសនីមួយនេះ ក្នុងការមកវិនិយោ​គនៅក្នុងប្រទេសម៉ាឡេស៊ី ហើយបានបញ្ជាក់ជំហរគាំទ្រ របស់រដ្ឋាភិបាលសម្រាប់ការបើកការិយាល័យ កណ្តាលរបស់ក្រុមហ៊ុន Tesla នៅក្នុងរដ្ឋ Selangor។

លោកបន្ថែមថា “ភាគីទាំងពីរក៏បានពិភាក្សា អំពីការចូលរួមរបស់ក្រុមហ៊ុន SpaceX នៅក្នុងការផ្តល់សេវាផ្កាយរណប Starlink ដល់ប្រទេសម៉ាឡេស៊ីផងដែរ”។

លោក អាន់វ៉ា បានគូសបញ្ជាក់ថា នេះអាចរួមចំណែកដល់ការទទួលបានសេវាអ៊ីនធឺណិតកាន់តែលឿន និងកាន់តែទូលំទូលាយ ជាពិសេសនៅតំបន់ជនបទ ដោយសារវាត្រូវការហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតិចតួច ដើម្បីកែលម្អបណ្តាញអ៊ីនធឺណិតសកល។

Starlink ត្រូវបានចាត់ទុកថា ជាប្រព័ន្ធផ្កាយរណបមួយ ដែលមានគោលបំណង ផ្តល់សេវាអ៊ីនធឺណិតទូទាំងពិភពលោក៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here