ធនាគារជាតិ: ៣ទសវត្សរ៍មកនេះ កម្ពុជា ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស FDI បាន៤៥,៨ពាន់លានដុល្លារ

0

តែម សុខុម

ភ្នំពេញ: យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃអាទិត្យ ទី១៦ កក្កដា បង្ហាញថា ប្រទេសកម្ពុជា ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) បានចំនួន៤៥,៨ពាន់លានដុល្លារអាមេរិក ពីឆ្នាំ១៩៩៤ គិតមកទល់នឹងត្រីមាសទី១ ដើមឆ្នាំ២០២៣។

របាយការណ៍ដដែលបង្ហាញថា ប្រភពមូលធនសំខាន់ៗគឺបានពីប្រទេសចិន កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងអង់គ្លេស។របាយការណ៍នេះបញ្ជាក់ថា “រំហូរនៃការវិនិយោគត្រូវបានចាក់បញ្ចូលទៅក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចរួមសកម្មភាពហិរញ្ញវត្ថុ ផលិតកម្ម អចលនទ្រព្យ កន្លែងស្នាក់នៅ កសិកម្ម វារីអគ្គិសនី និងសំណង់”។លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មានប្រសាសន៍ថា ទំនាក់ទំនងដ៏ល្អប្រសើរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាកត្តាដ៏សំខាន់ដែលលើកទឹកចិត្តបន្ថែមទៀតឱ្យអ្នកវិនិយោគចិន មកបោះទុនវិនិយោគនៅកម្ពុជា។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ិនហួ ថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះរួមជាមួយនឹងច្បាប់វិនិយោគអំណោយផលរបស់កម្ពុជា សន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់ឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគបរទេស ជាពិសេសជនជាតិចិន ក្នុងការវិនិយោគនៅកម្ពុជា”។

លោកមានប្រសាសន៍ថា “ការវិនិយោគរបស់ចិន មិនត្រឹមតែនាំមកនូវមូលធន និងបច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតការងារថ្មីៗសម្រាប់ពលរដ្ឋកម្ពុជា ផងដែរ”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here