ដោយៈ ហ្វីអូណា
កោះកុងៈ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិបានលើកសរសើរការរីកចម្រើនខេត្តកោះកុង ដោយខេត្តនេះ ក្លាយពីទឹកដីស្ងាត់ជ្រងំ ទៅជាតំបន់ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញចូលរួមកាត់ខ្សែបូរណ៍ សម្ពោធដាក់ឲ្យប្រើប្រាស់នៅផ្លូវក្រាលកៅស៊ូ ទ្វារទឹកតំបន់ប្រវត្តិសាស្ត្រ សម្តេចពិជ័យសេនា ទៀ បាញ់ និងកូនឈើចំនួន២,០០០ដើម ជាប្រភេទដើមគគីរ ដែលស្ថិតនៅឃុំជ្រោប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានមើលឃើញការអភិវឌ្ឍការរីកចម្រើន លើគ្របវិស័យនូវសមិទ្ធផលនានា ក្នុងទឹកដីខេត្តកោះកុង ដែលប្រែក្លាយពីភាពស្ងាត់ជ្រងំ មានភាពហ៊ូអរ ពីភាពលំបាកមកជាភាពងាយស្រួល ក្នុងទាំងការធ្វើចរចា និងផ្នែកវិស័យទេសចរណ៍ និងសេដ្ឋកិច្ចបានយ៉ាងឆាប់រហ័ស ដោយនឹកស្មានមិនដល់ក្នុងខេត្តកោះកុង”។
-->
សម្ដេចពិជ័យសេនាបានបន្ដថា ឃុំជ្រោយប្រស់ ស្រុកកោះកុងតំបន់នេះ ស្ងាត់ជ្រងំ មានតែព្រៃ គ្មានផ្លូវ គ្មានមនុស្សរស់នៅច្រើនទេ ហើយតំបន់នេះ ក៏កន្លែងដែលសម្តេចបានលាក់ខ្លួន តស៊ូប្រឆាំង ជាមួយរបបប្រល័យប៉ុលពតផងដែរ។ សម្តេចបន្តថា “អីឡូវតំបន់បាននេះ បានប្រែក្លាយទៅជាតំបន់ដែលមានសក្តានុពលអេកូទេសចរណ៍ ពោពេញទៅដោយសមិទ្ធផលនានាជាច្រើន ដែលអាចទាញ់ទាញផ្នែកវិស័យទេចរណ៍ ចូលមកកម្សាន្ដបានច្រើនទាំងភ្ញៀវជាតិ អន្តរជាតិផងដែរ”។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា អរគុណសន្តិភាព នយោបាយឈ្នះឈ្នះ! មានសន្តិភាព ទើបយើងមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ មានធនធានមនុស្សនៅទូទាំងប្រទេស មានសន្តិភាព គឺស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
សម្តេចបន្តថា “មានគណបក្សប្រជាជនតែមួយគត់ ជាទំនុកទុកចិត្ត របស់ប្រជាពលរដ្ឋទូទាំងប្រទេស មើលឃើញនូវសម្ធិផលនានាការរីកចម្រើន គ្រប់វិស័យរហូតដល់មូលដ្ឋាន ប្រជាពលរដ្ឋមានសុខសុវត្ថិភាព មានសេរីភាព មានសិទ្ធិពេញលេញមានជីវភាពធូរធារ”។
សម្ដេចពិជ័យសេនាទៀ បាញ់បានបន្តថា ដើម្បីឆ្លើយតបដឹងគុណការដឹកនាំសម្តេចតេជោ ហ៊ុន សែន គាំទ្រសម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិតហ៊ុន ម៉ាណែត ជាបេក្ខជនជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសបន្ត ដូច្នេះសូមអញ្ជើញប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលមានលេខរៀងទី១៨ ស្លាកសម្គាល់សញ្ញា ”ទេវតាបាចផ្កា”៕