ដោយៈ តែម សុខុម
ញូវយ៉ក: ការស្រាវជ្រាវថ្មីបង្ហាញថា ទម្ងន់ដ៏សែនធ្ងន់នៃអគារខ្ពស់ៗកប់ពពក និងកម្ពស់ទឹកសមុទ្រកើនឡើង អាចធ្វើឱ្យទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ងាយប្រឈមគ្រោះធម្មជាតិយ៉ាងខ្លាំង ពោលគឺលិចទៅក្រោមផ្ទៃទឹក។
នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៧ កក្កដា។ទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវអះអាងថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍មិនយកចិត្តទុកដាក់ ចំពោះហានិភ័យនៃការកើនឡើងកម្រិតទឹកសមុទ្រ ឱ្យបានគ្រប់គ្រាន់នោះឡើយ ហើយកត្តានេះអាចបង្កបញ្ហាធ្ងន់ធ្ងរ ដល់ប្រជាជនជាង៨លាននាក់ ដែលរស់នៅក្នុងទីក្រុងនៅពេលអនាគត។
ក្រុមស្រាវជ្រាវមកពីសកលវិទ្យាល័យអាមេរិក University of Rhode Island បានធ្វើការប៉ាន់ប្រមាណ ពីទម្ងន់សរុបនៃអគារជាង១លានអគារ ដែលបង្កើតបានជាទីក្រុងញូវយ៉កទាំងមូល។
ពួកគេបានរកឃើញថា ទម្ងន់បេតុង ដែក និងកញ្ចក់ដែលមានទម្ងន់សរុបរហូត ដល់ទៅជិត១ទ្រីលានគីឡូក្រាម កំពុងចាក់ទម្លុះទៅក្រោមដី ដែលបណ្តាលឱ្យលិចទៅក្រោមកម្រិត ទឹកសមុទ្របន្តិចម្ដងៗ។ទន្ទឹមនឹងនេះ កម្ពស់ទឹកសមុទ្រក៏កំពុងកើនឡើងដែរ ដោយសារការឡើងកម្ដៅរបស់ផែនដី និងបម្រែបម្រួលអាកាសធាតុ។
យោងតាមអង្គការ NASA ឱ្យដឹងថា កម្រិតទឹកសមុទ្រជាមធ្យមក្នុងពិភពលោក បានកើនឡើងប្រមាណ១០សង់ទីម៉ែត្រ ចាប់តាំងពីឆ្នាំ១៩៩២មក។ កម្រិតទឹកសមុទ្រត្រូវបានព្យាករថា នឹងបន្តកើនឡើងចន្លោះពី២០សង់ទីម៉ែត្រ ទៅ៧៥សង់ទីម៉ែត្រក្នុងរយៈពេល២៥ឆ្នាំខាងមុខ។
*តើក្រុងញូវយ៉ក នឹងលិចទៅក្រោមផ្ទៃទឹកលឿនកម្រិតណា?
ការស្រាវជ្រាវខាងលើនេះបង្ហាញថា អត្រាដែលទីក្រុងញូវយ៉ក នឹងលិច ទៅក្រោមផ្ទៃទឹកមានខុសៗគ្នាទូទាំងទីក្រុងនេះ។តួយ៉ាង សង្កាត់ដ៏ល្បីល្បាញWall Street ដែលមានប្លុកអគារវែងចំនួន៨ នៅចំបេះដូងហិរញ្ញវត្ថុនៃទីក្រុងញូវយ៉ក គឺមានកម្ពស់ពីលើនីវ៉ូទឹក សមុទ្រត្រឹមតែ១ទៅ២ម៉ែត្រប៉ុណ្ណោះ។
ចំណែកឯសង្កាត់ Midtown Manhattan ត្រូវបានសាងសង់ពីលើថ្ម ដែលធ្វើឱ្យដីនៅពីក្រោមមានកំហាប់តិចតួច។ ទោះជាយ៉ាងណា សង្កាត់Brooklyn និងសង្កាត់ Queens មានដីធូរជាងមិនសូវហាប់ណែន ដែលជាហេតុបណ្តាលឱ្យការលិច កើតឡើងកាន់តែលឿន។ផ្នែកខ្លះនៃសង្កាត់ Lower Manhattan ត្រូវបានពង្រីកដោយការចាក់ដីលុបនៅជិតឆ្នេរសមុទ្រ ដែលធ្វើឱ្យដីកាន់តែងាយប្រឈមនឹងកម្លាំងទំនាញពីទម្ងន់នៃអគារ។ជាលទ្ធផល ដីមួយចំនួននៅទីនោះនឹងលិច ទៅក្រោមផ្ទៃទឹកលឿនជាងពីរដង ក្នុងអត្រារហូតដល់ទៅ៤សង់ទីម៉ែត្រក្នុងមួយឆ្នាំ៕ CNA៕






