ដោយ: គង់ លាងហួរ
អន្តរជាតិ: កិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុបលើកទី២ស្តីពី ការធ្វើចំណាកស្រុក ប្រកបដោយសុវត្ថិភាព និងយុត្តិធម៌ បានជួបប្រជុំអ្នកបង្កើតគោលនយោបាយ អ្នកអនុវត្តន៍ តំណាងសង្គមស៊ីវិល និងអង្គការអន្តរជាតិចំនួនជាង៧០នាក់។
កិច្ចពិភាក្សាបានរិះរកវិធី ដើម្បីការពារសិទ្ធិជនចំណាកស្រុកនៅតំបន់អាស៊ានចំនួន៧,១លាននាក់ ឱ្យបានកាន់តែប្រសើរឡើង ដោយធានាបាននូវការរួមចំណែកដ៏មានតម្លៃ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
-->
ផលិតផលសោតទស្សន៍ (AVPs) នៃយុទ្ធនាការសាធារណៈស្តីពីការធ្វើចំណាកស្រុក ប្រកបដោយសុវត្ថិភាព និងយុត្តិធម៌នៅក្នុងតំបន់អាស៊ាន ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ព័ត៌មាន ដែលអាចទុកចិត្តបាន និងទូលំទូលាយដល់ពលករចំណាកស្រុក នាពេលបច្ចុប្បន្ន ដើម្បីជួយពួកគេ ក្នុងការរៀបចំឱ្យកាន់តែប្រសើរឡើង សម្រាប់ការធ្វើចំណាកស្រុក និងការការពារប្រឆាំងនឹងការកេងប្រវ័ញ្ច។
គំនិតផ្តួចផ្តើមអាស៊ាននេះ ត្រូវបានដឹកនាំរួមគ្នាដោយនាយកដ្ឋានពលករចំណាកស្រុក (DMW) និងនាយកដ្ឋានពលកម្ម និងការងារ (DOLE) នៃប្រទេសហ្វីលីពីន ហើយត្រូវបានគាំទ្រដោយសហភាពអឺរ៉ុប (EU)។
កិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុបលើកទី២ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងយុត្តិធម៌ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានទទួលស្គាល់ថា កំណើននៃការចល័តរបស់ពលករចំណាកស្រុក ទាមទារឱ្យមានការឆ្លើយតបរួមគ្នា ការកែលម្អជាបន្តបន្ទាប់លើអភិបាលកិច្ច នៃការធ្វើចំណាកស្រុក និងការពង្រឹងវិធានការចំណាកស្រុកក្នុងតំបន់។
កិច្ចសន្ទនានេះគឺជាឱកាសមួយ សម្រាប់មន្ត្រីមកពីបណ្តាប្រទេសអាស៊ាន និងសហភាពអឺរ៉ុប ដើម្បីចែករំលែកចំណេះដឹង និងទស្សនៈស្តីពី យុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រសុខុមាលភាពរបស់ពលករចំណាកស្រុក និងក្រុមគ្រួសាររបស់ពួកគេ។
លោក Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំតំបន់អាស៊ាន បានបញ្ជាក់ក្នុងសុន្ទរកថា របស់លោកថា“ការធ្វើចំណាកស្រុក គឺជាធាតុផ្សំដ៏សំខាន់នៃការអភិវឌ្ឍន៍ ព្រោះវារួមចំណែកដល់កំណើនសេដ្ឋកិច្ចពិភពលោក និងការលុបបំបាត់ភាពក្រីក្រ។
លោកបន្តថា ជាមួយការកើនឡើង នៃការធ្វើចំណាកស្រុកនៅក្នុងសង្គមរបស់យើង វាមានតម្រូវការចាំបាច់ណាស់ ក្នុងការកំណត់អាទិភាពសុវត្ថិភាព និងយុត្តិធម៌”៕