ដោយ: គង់ លាងហួរ
អន្តរជាតិ: ការវិនិយោគទៅលើសណ្ឋាគារនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានដាំក្បាលចុះ៥១% ពីមួយឆ្នាំទៅមួយឆ្នាំ នៅឆមាសទីមួយនៃឆ្នាំនេះ ដោយសារបញ្ហាប្រឈមផ្នែកម៉ាក្រូសេដ្ឋកិច្ច និងការកើនឡើងនៃថ្លៃដើមបំណុលបានជះឥទ្ធិពលទៅលើការពង្រាយមូលធន។
យោងតាមទិន្នន័យ និងការវិភាគរបស់ទីភ្នាក់ងារ JLL បានឱ្យដឹងថា ទឹកប្រាក់វិនិយោគលើសណ្ឋាគារបានដាំក្បាលចុះដល់៣,១៣ពាន់លានដុល្លារនៅក្នុងឆមាសទីមួយបើធៀបនឹង៦,៤១ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះបីជាយ៉ាងនេះក្តី ក្នុងអំឡុងឆមាសទីមួយ សកម្មភាពវិនិយោគមានភាពរឹងមាំបំផុតនៅក្នុងប្រទេសជប៉ុន ដែលប្រទេសនេះបានវិនិយោគ១,៥៤ពាន់លានដុល្លារ និងប្រទេសអូស្ត្រាលី/នូវែលសេឡង់ ដែលបានវិនិយោគ៨២០លានដុល្លារ ពោលគឺបានហក់ឡើង៥៦% និង១៨៩%រៀងៗគ្នា ពីមួយឆ្នាំទៅមួយឆ្នាំ។
លោក Nihat Ercan នាយកប្រតិបត្តិក្រុមហ៊ុន JLL Hotels & Hospitality Group, Asia Pacific បានមានប្រសាសន៍ថា យើងបានសង្កេតឃើញពីផលប៉ះពាល់នៃការបន្តផ្តាច់ទំនាក់ទំនងរវាងតម្រូវការទេសចរណ៍ដ៏រឹងមាំ បញ្ហាប្រឈមម៉ាក្រូសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយនៅក្នុងឆមាសទីមួយ ដែលបណ្តាលឱ្យមានគម្លាតរវាងការរំពឹងទុកចំពោះតម្លៃរបស់អ្នកលក់ និងការចូលប្រើប្រាស់ដើមទុនរបស់អ្នកទិញ។






