ដោយ: គង់ លាងហួរ
ភ្នំពេញ: កម្ពុជាជាប់ចំណាត់ថ្នាក់ទី៨២ ក្នុងសន្ទស្សន៍លិខិតឆ្លងដែនសាកល Henley Passport Index ខណៈពលរដ្ឋអាចធ្វើដំណើរទៅកាន់៥៥គោលដៅ នៅលើពិភពលោក ដោយពុំចាំបាច់សុំទិដ្ឋាការ។
ផ្អែកតាមសន្ទស្សន៍នេះ ពលរដ្ឋកម្ពុជាដែលកាន់លិខិតឆ្លងដែនកម្ពុជា អាចធ្វើដំណើរចេញចូលក្នុងប្រទេស ឬគោលដៅធ្វើដំណើរសរុបចំនួន ៥៥ក្នុងចំណោមប្រទេស ឬគោលដៅធ្វើដំណើរសរុបចំនួន២២៧នៅទូទាំងពិភពលោក ដោយពុំចាំបាច់សុំទិដ្ឋាការ។
-->
ចំណែក ប្រទេសដែលជាប់លេខ១ ខាងលិខិតឆ្លងដែនមានឥទ្ធិពលខ្លាំងជាងគេបំផុតនៅលើពិភពលោក គឺប្រទេសសិង្ហបុរី ដែលពលរដ្ឋ កាន់លិខិតឆ្លងដែននៃប្រទេសនេះ អាចធ្វើដំណើរចេញចូលដោយពុំចាំបាច់ ស្នើសុំទិដ្ឋាការទៅកាន់១៩២ប្រទេស ឬគោលដៅធ្វើដំណើរនៅទូទាំងពិភពលោក។
ប្រទេសអាល្លឺម៉ង់ អ៊ីតាលី និង អេស្ប៉ាញឈរនៅលេខរៀងទី២ ដែលពលរដ្ឋរបស់ប្រទេសទាំង៣នេះ អាចធ្វើដំណើរទៅកាន់១៩០គោលដៅនៅលើពិភពលោក ដោយពុំចាំបាច់សុំទិដ្ឋាការ។
ចំណែក ប្រទេសអូទ្រីស ហ្វាំងឡង់ បារាំង ជប៉ុន លុចសំបួរ កូរ៉េខាងត្បូង និងស៊ុយអែតឈរនៅចំណាត់ថ្នាក់លេខ៣ ខណៈពលរដ្ឋអាចធ្វើដំណើរទៅកាន់១៨៩គោលដៅ នៅលើពិភពលោកដោយពុំចាំបាច់សុំទិដ្ឋាការ។
ប្រទេសដាណឺម៉ាក អៀរឡង់ ហូឡង់ និងអង់គ្លេស ជាប់ចំណាត់ថ្នាក់ទី៤ ដែលពលរដ្ឋអាចធ្វើដំណើរ ទៅកាន់១៨៨គោលដៅនៅលើពិភពលោកដោយពុំចាំបាច់សុំទិដ្ឋាការ៕