ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេត បានបញ្ជាក់ឲ្យដឹងថា ក្រសួងនឹងធ្វើការផាកពិន័យ ចំពោះក្រុមហ៊ុនប្រតិបត្ដិករទូរស័ព្ទចល័តណា ដែលបម្រើសេវាមិនបានល្អដល់ប្រជាពលរដ្ឋ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារមជ្ឍមណ្ឌលទិន្នន័យជាតិ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ ពិធីនេះរៀបចំធ្វើឡើង នាទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
-->
លោកជា វ៉ាន់ដេត បានបញ្ជាក់ថា “ក្រសួងបានខិតខំប្រឹងប្រែងណាស់ ហើយក្រសួងបានចេញMPTC Speed Test ដើម្បីឲ្យអ្នកប្រើប្រាស់ទាំងអស់ ប្រើទូរស័ព្ទនៅទីណាក៏ដោយ បើទូរស័ព្ទអត់មានសេវា គឺអាចប្ដឹងមកក្រសួង ក្រសួងនឹងហៅក្រុមហ៊ុនមក ហើយនៅពេលនោះនឹងមើលឃើញទាំងអស់គ្នា”។
បន្ថែមពីនោះទៀត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា “នៅពេលដែលទីតាំងណាមួយ មានអ្នកប្ដឹងមកក្រសួងជាច្រើនដង ហើយទីតាំងនោះពិតជាគ្មានសេវាមែន ក្រសួងអាចនឹងហៅក្រុមហ៊ុនមក រួចហើយអាចនឹងមានការពិន័យ ចំពោះក្រុមហ៊ុន។
លោកជា វ៉ាន់ដេត បានឲ្យដឹងផងដែរថា ដើម្បីចាត់វិធានការនេះ ក្រសួង ក៏បានចេញនូវសេចក្ដីប្រកាសអំពីគុណភាពសេវា ដែលសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឯកភាពរយៈពេល៨ខែមកហើយ ដោយទុករយៈពេល៨ខែ ដើម្បីឲ្យក្រុមហ៊ុនធ្វើការបង្កើនគុណភាពសេវា។រដ្ឋមន្ដ្រី ជា វ៉ាន់ដេត បានសង្កត់ធ្ងន់ថា បន្ទាប់ពីរយៈពេល៨ខែនេះទៅ បើសិនជាក្រុមហ៊ុនណា មិនបានបង្កើនគុណភាពសេវាបានល្អ គឺក្រសួងនឹងធ្វើការផាកពិន័យ ដែលនេះគឺជាវិធានការ ដើម្បីធ្វើឲ្យសេវាទូរស័ព្ទល្អ”។
កម្មវិធី MPTC Speed Test នេះ ងាយស្រួលប្រើ ហើយបង្ហាញលទ្ធផលច្បាស់លាស់ អំពីល្បឿនទាញយក (Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើលវីដេអូ តាមយូធូបជាដើម ដែលជាព័ត៌មានចាំបាច់ សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃ។
មិនតែប៉ុណ្ណោះ លទ្ធផលនៃការវាស់ស្ទង់ របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ ឲ្យកាន់តែប្រសើរ។
កម្មវិធី MPTC Speed Test ត្រូវបានបង្កើតឡើង ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាទូរគមនាគមន៍ ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាព នៃការផ្តល់ទិន្នន័យ និងព័ត៌មានជាក់លាក់អំពីស្ថានភាពអ៊ីនធឺណិត និងសេវាទូរសព្ទរបស់អ្នកប្រើប្រាស់។
គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាមានអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតចល័តជាង១៧លានស៊ីម និងសេវាអ៊ីនធឺណិតអចល័តជាង៣១ម៉ឺន ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតចំនួន៣៨ប្រតិបត្តិករ។ក្រុមហ៊ុនដែលបាននិងកំពុងមានបញ្ហាច្រើនជាងគេ គឺក្រុមហ៊ុនSmart ដែលប្រជាពលរដ្ឋមានការរអ៊ូរទាំ ពាសពេញបណ្តាញទំនាក់ទំនងសង្គម ប៉ុន្តែជាលទ្ឋផលក្រុមហ៊ុននេះ មិនបានបំពេញកាតព្វកិច្ចទទួលខុសត្រូវ ក្នុងនាមជាក្រុមហ៊ុនមានវិជ្ជាជីវៈ និងក្រមសីលធ៌មនៅឡើយ៕