ដោយៈ តែម សុខុម
ម៉ានីល: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយកាលពីថ្ងៃពុធ ទី១៩ ខែកក្កដា ថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី កំពុងស្ថិតលើមាគ៌ា ឆ្ពោះទៅរកកំណើនក្នុងឆ្នាំនេះ លឿនជាងកាលពីឆ្នាំ២០២២ ខណៈកំណើនរឹងមាំនៃការប្រើប្រាស់ និងការវិនិយោគបានប៉ះប៉ូវផលប៉ះពាល់ដែលបង្កឡើង ដោយការធ្លាក់ចុះតម្រូវការទូទាំងពិភពលោក។
នៅក្នុងការធ្វើបច្ចុប្បន្នភាព ទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់របស់ខ្លួន ធនាគារADB បានរក្សាការព្យាករកំណើនឆ្នាំ២០២៣ របស់ខ្លួន សម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី ក្នុងរង្វង់៤,៨% ប៉ុន្តែបានកែសម្រួល ការប៉ាន់ប្រមាណរបស់ខ្លួន សម្រាប់ឆ្នាំក្រោយពី៤,៨%ក្នុងខែមេសា មកនៅត្រឹម៤,៧% ដែលនេះឆ្លុះបញ្ចាំងពីហានិភ័យនានា រួមទាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផងដែរ។
-->
បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី មាន៤៦ប្រទេសនៅអាស៊ី-ប៉ាស៊ីហ្វិក ដោយមិនរាប់បញ្ចូលប្រទេសជប៉ុន អូស្ត្រាលី និងនូវែលសេឡង់។
ធនាគារ ADB បានរក្សាការព្យាករកំណើនរបស់ខ្លួន សម្រាប់អនុតំបន់អាស៊ីបូព៌ា និងអាស៊ីខាងត្បូង ដោយក្នុងនោះប្រទេសចិន នៅតែត្រូវបានរំពឹងថា នឹងសម្រេចបានកំណើន៥,០%សម្រាប់ឆ្នាំនេះ និង៤,៥%សម្រាប់ឆ្នាំ២០២៤ ខណៈប្រទេសឥណ្ឌា រំពឹងទទួលបានកំណើន៦,៤%សម្រាប់ឆ្នាំនេះ និង៦,៧%សម្រាប់ឆ្នាំ២០២៤ ប៉ុន្តែបានបន្ទាបការរំពឹងទុកបន្តិចសម្រាប់អាស៊ីអាគ្នេយ៍។
ធនាគារ ADB និយាយថា កំណើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពេលនេះត្រូវបានរំពឹងថា នឹងសម្រេចបានក្នុងរង្វង់៤,៦% សម្រាប់ឆ្នាំនេះដែលធ្លាក់ចុះពី៤,៧% និង៤,៩%សម្រាប់ឆ្នាំក្រោយ ដែលធ្លាក់ចុះពី៥,០% ដែលភាគច្រើនដោយសារ តម្រូវការនាំចេញទូទាំងពិភពលោកធ្លាក់ចុះ។
ហានិភ័យចំពោះទស្សនវិស័យកំណើន នៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី គឺអតិផរណាយឺតជាងមុន ដែលបានអនុញ្ញាតឱ្យធនាគារកណ្តាលភាគច្រើន នៅក្នុងតំបន់ពន្យារការរឹតបន្តឹង ដែលជួយគាំទ្រដល់តម្រូវការប្រើប្រាស់ក្នុងស្រុក។
អតិផរណាក្នុងតំបន់ត្រូវបានព្យាករថា នឹងថយចុះមកនៅត្រឹម៣,៦%នៅឆ្នាំនេះ ធៀបនឹងការព្យាករមុននេះ៤,២% ដោយអត្រានេះត្រូវបានរំពឹងថា នឹងធ្លាក់ចុះបន្ថែមទៀត មកនៅត្រឹម៣,៤%ក្នុងឆ្នាំ២០២៤៕ Reuters៕