វ៉ាដាច់ភឹង! ប្រទេសចិន ប្រើពេលតែ៣ខែសាងសង់ស្ថានីយផ្គត់ផ្គង់ប្រព័ន្ធ 5G បានច្រើនជាងអាមេរិក ធ្វើ២ឆ្នាំ

0

តែម សុខុម

ប៉េកាំង: ទិន្នន័យចុងក្រោយបំផុតរបស់រដ្ឋាភិបាលក្រុងប៉េកាំង បង្ហាញថា ប្រទេសចិន បានសាងសង់ស្ថានីយផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន 5G (5G Base Station) លឿនជាងផែនការកំណត់រហូតដល់ទៅ៦ខែ ដោយសាងសង់បានរហូតដល់ទៅ៣លានស្ថានីយគិតត្រឹមដំណាច់ខែមិថុនា។

តួលេខនេះក៏បង្ហាញផងដែរថា ប្រទេសចិន កំពុងវ៉ាដាច់សហរដ្ឋអាមេរិក នៅក្នុងការប្រណាំងប្រជែងខាងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត 5G ដោយស្ថានីយថ្មីៗរហូតដល់ទៅ៦០០.០០០បន្ថែមទៀតត្រូវបានសាងសង់បញ្ចប់គ្រាន់តែក្នុងរយៈពេល៣ខែចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា។

តាមការប្រៀបធៀប សហរដ្ឋអាមេរិក សាងសង់ស្ថានីយផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណិត 5G បានប្រមាណ១០០.០០០ស្ថានីយចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ នេះបើយោងតាមការប៉ាន់ប្រមាណចុងក្រោយបង្អស់។
កាលពីខែមីនា ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន បានប្រកាសផែនការសាងសង់ស្ថានីយផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណិត 5G ចំនួន២,៩លានស្ថានីនៅត្រឹមដំណាច់ឆ្នាំ២០២៣ នេះ។

លោក ចាវ ជីគ័រ (Zhao Zhiguo) ប្រធានវិស្វករ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន បានលើកឡើងនៅក្រុងប៉េកាំង កាលពីថ្ងៃពុធ ទី១៩ ខែកក្កដា ថា “គិតត្រឹមដំណាច់ខែមិថុនា ចំនួនស្ថានីយផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណិត 5G នៅក្នុងប្រទេសចិន បានឈានដល់ជាង២,៩លានស្ថានីយដែលគ្របដណ្តប់គ្រប់តំបន់ក្រុង និងខេត្តទាំងអស់។
អ្នកនាំពាក្យរូបនេះ និងមន្ត្រីក្រសួងជាន់ខ្ពស់មួយរូបទៀតលើកឡើងថា ការពង្រីកយ៉ាងឆាប់រហ័សនូវហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងកម្រិតខ្ពស់ បានពន្លឿនការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាឧស្សាហកម្មចិន និងពង្រឹងការប្រកួតប្រជែងរបស់ពួកគេនៅក្នុងពិភពលោក។

ចំនួនស្ថានីយផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណិត 5G នេះកំណត់ការគ្របដណ្តប់ និងសមត្ថភាពនៃបណ្តាញអ៊ីនធឺណិត 5G។ នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការដំណើរការ App និងសេវាកម្មថ្មីៗដែលទាមទារការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿនដូចជារថយន្តបើកបរស្វយ័ត ការវះកាត់ដោយប្រើបច្ចេកវិទ្យាមនុស្សយន្ត និងរោងចក្រឆ្លាតវៃជាដើម។

លោក ចាវ ជីគ័រ ថ្លែងថា ស្ថានីយផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណិត 5G ចំនួន៣លានស្ថានីយត្រូវបានតភ្ជាប់ទៅទូរស័ព្ទចល័តចំនួន៦៧៦លានគ្រឿង និងអ្នកប្រើប្រាស់ជាង២,១២ពាន់លានតាមរយៈបណ្ដាញ 5G រួមទាំងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃផងដែរ៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here