តែម សុខុម
បាងកក: ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកក្កដា ខេត្តកោះកុង និងខេត្តត្រាត នៃប្រទេសថៃ គ្រោងរៀបចំព្រឹត្តិការណ៍កីឡារត់ប្រណាំង និងពិព័រណ៍ផលិតផល។ គំនិតផ្តួចផ្តើមនេះគ្រោងធ្វើនៅផ្សារព្រំដែន បាន ហាត់ ឡេក (Ban Hat Lek) ក្នុងគោលបំណងជំរុញទេសចរណ៍ និងពង្រឹងទំនាក់ទំនងរវាងតំបន់ជិតខាងទាំងនេះ។
អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៨ ខែកក្កដា ថា សកម្មភាពទាំងនេះត្រូវបានរៀបចំឡើងជាពិសេសដើម្បីពង្រឹងទំនាក់ទំនងរវាងខេត្តទាំងពីរនេះ។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២១ កក្កដា។
-->
លោកស្រីបានបន្ថែមថា “ខ្ញុំបានស្នើឱ្យប្រជាពលរដ្ឋ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស ក្រុមហ៊ុន ធនាគារឯកជន និងភោជនីយដ្ឋានដែលមានបំណងចូលរួមកម្មវិធីនេះចុះឈ្មោះនៅវត្តកាសេម ស៊ីម៉ារាម (Wat Kasem Simaram) ឬ វត្តហាត់ ឡេក (Hat Lek)”។
អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី មិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញរឿងនេះកាលពីថ្ងៃទី១៩ ខែកក្កដា។ ទោះជាយ៉ាងណា លោក សុខ សុទ្ធី ធ្លាប់បានបញ្ជាក់ថា ទំនាក់ទំនងល្អជាមួយខេត្តត្រាត នឹងជួយជំរុញទំនាក់ទំនងព្រំដែនកាន់តែស៊ីជម្រៅ។
លោកបានស្នើបន្ថែមទៀតធ្វើយ៉ាងបង្កលក្ខណៈឱ្យខេត្តទាំងពីរអាចស្វែងរកឱកាសវិនិយោគទៅវិញទៅមកក្នុងវិស័យមានសក្តានុពលនានា។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានធ្វើការកត់សម្គាល់កាលពីថ្ងៃទី១៩ ខែកក្កដា ថា កម្មវិធី និងការតាំងពិព័រណ៍នេះបានបង្ហាញពីការរីកចម្រើនជាវិជ្ជមានក្នុងវិស័យទេសចរណ៍៕ The Nation៕
