ប្រទេសចិនគ្រោងពង្រីកពាណិជ្ជកម្មជាមួយអាស៊ានជាមួយគម្រោងជីកព្រែកPingluតម្លៃ១០ពាន់លានដុល្លារ

0

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រទេសចិនចូលចិត្តសាងសង់ផ្លូវ និងស្ពានចាប់ពីសម័យកាលជាច្រើន ដែលកន្លងផុតទៅ ដោយសារការតភ្ជាប់ទាំងនោះ បានជួយសម្រួលដល់លំហូរនៃមនុស្ស ទំនិញ និងទ្រព្យសម្បត្តិផងដែរ។

ប៉ុន្តែមានតែប្រទេសមួយចំនួនប៉ុណ្ណោះ ដែលអាចមានលទ្ធភាពសាងសង់ប្រឡាយ ដែលត្រូវការកម្លាំងពលកម្មយ៉ាងច្រើន និងទាម​ទារជំនាញបច្ចេកវិទ្យាខ្ពស់។

កាលពីជាង២.២០០ឆ្នាំមុន ក្នុងកំឡុងសម័យរាជវង្ស Qin អធិរាជទី១ ក្នុងប្រវត្តិសាស្ត្រចិន លោកQin Shi Huang បានសាងសង់ប្រឡាយ ឬព្រែកជីក Lingqu ប្រវែង៣៦,៤គីឡូម៉ែត្រ ដើម្បីដឹកជញ្ជូនទាហានទៅវាយដណ្តើម និងពង្រីកទឹកដី។គម្រោងជីកប្រឡាយនេះ បានតភ្ជាប់ទន្លេ Xiang ក្នុងខេត្ត Hunan ដែលជាដៃនៃទន្លេរYangtze ដែលមានប្រវែង៦.៣០០គីឡូម៉ែត្រ ជាមួយនឹងទន្លេLi ក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន។

ប៉ុន្តែរហូតមកដល់ខែសីហា ឆ្នាំ២០២២ នៅពេលដែលការសាងសង់ប្រឡាយ Pinglu បានចាប់ផ្តើម គេមិនបានឃើញមានប្រឡាយថ្មីផ្សេងទៀតត្រូវបានសាងសង់ឡើងនោះទេ។

គម្រោងព្រែកជីក Pinglu ត្រូវបានគេមើលឃើញថា មិនត្រឹមតែជាឱកាស ក្នុងការអភិវឌ្ឍតំបន់ព្រំដែន នាភាគនិរតីនៃខេត្ត Guangxi ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីបច្ចេកទេសសំណង់ ទំនើបបំផុតនិងការគិតគូរ ជាយុទ្ធសាស្ត្ររបស់ប្រទេសចិន ស្របពេលមានការប្រែប្រួលភូមិសាស្ត្រនយោបាយយ៉ាងឆាប់រហ័ស។

គម្រោងនេះមានប្រវែង១៣៥គីឡូម៉ែត្រ និងទំហំទឹកប្រាក់ចំនួន៧២,៧ពាន់លានយ័ន(ប្រហែល១០,១ពាន់លានដុល្លារអាមេរិក)។

លោក Gao Zhendong ទីប្រឹក្សា​ជើងចាស់​ដែល​ជួយ​ក្រុមហ៊ុន​ចិន​ជាច្រើន ដើម្បីស្វែងរក​ឱកាស​វិនិយោគ ​ក្នុង​បណ្តាប្រទេស​អាស៊ីអាគ្នេយ៍បានលើកឡើងថា គម្រោងព្រែកជីកនេះ គឺប្រៀបស្មើទៅនឹងសរសៃឈាមបន្ថែមទៀត ដើម្បីតភ្ជាប់ប្រទេសចិន ជាមួយនឹងទីផ្សារសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយលោកសំដៅដល់ប្លុកអាស៊ានដែលមានសមាជិក១០ប្រទេស។ព្រែកជីក Pinglu គឺជាគម្រោងនៅក្នុងច្រករបៀងពាណិជ្ជកម្មដីគោក- និងសមុទ្រភាគខាងលិចរបស់ប្រទេសចិន ដែលនឹងជីកទៅដល់ឈូងសមុទ្រ Beibu  និងសមុទ្រចិនខាងត្បូង។

យោងតាមរបាយការណ៍ វាយតម្លៃផលប៉ះពាល់លើបរិស្ថានបានបង្ហាញឱ្យដឹងថា ព្រែកជីកនេះត្រូវបានគេរំពឹងថា នឹងអាចផ្ទុកទំនិញបាន១០៨លានតោននៅឆ្នាំ២០៣៥ និង១៣០លានតោននៅឆ្នាំ២០៥០។

ព្រែកជីក Pinglu នឹងអាចឱ្យកប៉ាល់កុងតឺន័រ ឬក្រុមហ៊ុនដឹកជញ្ជូនភាគច្រើន ធ្វើដំណើរពីទីក្រុងណាននីង ទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

គម្រោងខ្នាតយក្សនេះ ក៏ភ្ជាប់ជាមួយក្តីសង្ឃឹមរបស់ទីក្រុងប៉េកាំង ក្នុងការធ្វើឱ្យប្លុកអាស៊ាន ដែលមានប្រជាជនចំនួនជាង៦០០លាននាក់ និងជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់ប្រទេសចិន ក្លាយជាគន្លឹះមួយ ក្នុងការទប់ទល់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here