តែម សុខុម
ញូវយ៉ក: កាលពីចុងសប្តាហ៍កន្លងទៅ កំពូលមហាសេដ្ឋី Elon Musk បានសម្រេចប្ដូរឈ្មោះក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Twitter ទៅ “X” ហើយថា លោកនឹងលុបចោលឡូហ្គោរូបបក្សី និងរាល់ពាក្យពេចន៍ពាក់ព័ន្ធទាំងអស់រួមទាំងពាក្យថា “Tweet” ផងដែរ។
ក្រុមអ្នកវិភាគ និងទីភ្នាក់ងារម៉ាកយីហោ (Brand Agency) លើកឡើងថា ការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Elon Musk អាចធ្វើឱ្យក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Twitter បាត់បង់តម្លៃចន្លោះពី៤ពាន់លានដុល្លារ ទៅ២០ពាន់លានដុល្លារ។
លោក Steve Susi នាយកផ្នែកទំនាក់ទំនងម៉ាកយីហោ (Brand Communication) នៅទីភ្នាក់ងារកសាងម៉ាកយីហោលំដាប់ពិភពលោក Siegel & Gale លើកឡើងថា “ដើម្បីរកបានភាគហ៊ុនច្រើនដល់ម៉្លឹងនៅទូទាំងពិភពលោក គឺត្រូវចំណាយពេលរហូតដល់១៥ឆ្នាំឡើងទៅ ដូច្នេះការបាត់បង់ម៉ាកយីហោ Twitter បង្កផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុ”។
លោក Elon Musk ដែលក្រុមហ៊ុន Twitter របស់លោកបានធ្លាក់ចុះតម្លៃយ៉ាងខ្លាំងចាប់តាំងពីលោកបានទិញយកវាក្នុងតម្លៃ៤៤ពាន់លានដុល្លារក្នុងខែតុលា ឆ្នាំ២០២២ បានប្រកាសពីការផ្លាស់ប្តូរនេះកាលពីចុងសប្តាហ៍កន្លងទៅ។
ក្រុមអ្នកវិភាគ និងទីភ្នាក់ងារកសាងម៉ាកយីហោបានចាត់ទុកការប្តូរឈ្មោះក្រុមហ៊ុន Twitter នេះថាជាកំហុសដ៏ធំ៕ Japan Times៕






