ដោយគង់ សូរិយា
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ ទាំងអ្នកសិល្បៈ ពិសេសអ្នកមានធនធានបានចាប់ផ្តើមប្រឡូកក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ពិសេសផ្នែកដីធ្លីយ៉ាងគគ្រឹកគគ្រេងក្នុងផ្នែកនេះក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។
នៅលើបណ្តាញទំនាក់ទំនងសង្គម ការផុសព៌តមានទាក់ទងនឹងដីឡូត៍ ទាក់ទងនឹងការលក់លំនៅដ្ឋាន អាគារពាណិជ្ជកម្មនានាបានកើនឡើងប្រៀបដូចជាផ្ការីក។

ហេតុអ្វីបានជាប្រជាជនកាន់តែច្រើន ចាប់ផ្តើមប្រមូលធនធានវិនិយោគក្នុងវិស័យនេះ? លោកបណ្ឌិតគីម ហ៊ាងអគ្គនាយកក្រុមហ៊ុនKW Cambodiaធ្លាប់បានមានប្រសាសន៍ថា ការវិនិយោគក្នុងវិស័យនេះ ដោយសារពួកគេមើលឃើញថា វិស័យនេះទទួលបានផលចំណេញច្រើន និងរកលុយបានច្រើនចេញពីវិស័យនេះ ប៉ុន្តែមិនមែនអ្នកវិនិយោគទាំងអស់សុទ្ឋតែទទួលបានផលចំណេញពីការវិនិយោគរបស់ខ្លួននោះទេ។
-->
លោកបន្តថា មានក្រុមហ៊ុនតូចៗកាន់តែច្រើននឹងបិទទ្វារ ខណៈក្រុមហ៊ុនអន្តរជាតិធំៗចូលមកកម្ពុជា ហើយអ្នកវិនិយោគនឹងជ្រើសរើសក្រុមហ៊ុនធំៗ ដែលមានសមាជិកច្រើនដើម្បីលក់គំរោងរបស់ពួកគេ។
លោកបន្តថា “ការវិនិយោគក្នុងវិស័យនេះ បើធ្វើឡើងដោយត្រឹមត្រូវនិងទទួលបានផលចំណេញច្បាស់លាស់ ពួកគេនឹងទទួលបានផលចំណេញ និងប្រាសចាកហានិភ័យ”។

ជាមួយគ្នានេះលោកង៉ែត ជូអ្នកវិភាគសេដ្ឋកិច្ចនៃក្រុមហ៊ុនEmerging Market Consultingបានមានប្រសាសន៍ឲ្យដឹងផងដែរថា អ្នកវិនិយោគក្នុងវិស័យនេះ មិនត្រូវពឹងផ្អែកលើសំណាងនោះទេ ប៉ុន្តែត្រូវពឹងផ្អែកលើព៌តមានច្បាស់លាស់ និងពិចារណាឲ្យបានត្រឹមត្រូវលើព៌តមានណាមួយទាក់ទងនឹងគំរោងវិនិយោគនានា មុនសម្រេចចិត្តវិនិយោគ ដើម្បីបញ្ចៀសហានិភ័យ។
លោកបន្តថា “ការទទួលបានព៌តមានច្បាស់លាស់ សិក្សាឲ្យបានត្រឹមត្រូវលើគំរោងវិនិយោគរបស់ខ្លួន និងសិក្សាទីផ្សារឲ្យបានត្រឹមត្រូវ នឹងធ្វើឲ្យការវិនិយោគកាត់បន្ថយបាននូវបញ្ហា”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ទទួលស្គាល់ថា ការវិនិយោគក្នុងវិស័យនេះ ពិតជាទទួលបានផលចំណូលច្រើន រកលុយបានច្រើន បើអ្នកចម្រៀងច្រៀងមួយយប់បានចន្លោះពី២០០ ទៅ៤០០ដុល្លារ តែបើពុះដីឡូត៍លក់មួយគំរោងបាន៣ទៅ៤ម៉ឺនដុល្លារ ហេតុអ្វីពួកគេមិនវិនិយោគ?។
លោកបន្តថា “បើអ្នកពុះដីឡូត៍លក់មិនដាច់ រឿងអីពួកគេមិនពុះលក់? បើគ្មានតម្រូវការគេមិនពុះលក់នោះទេ ពោលគឺទាល់តែមានតម្រូវការ ទើបមានការផ្គត់ផ្គង់”។លោកបន្តថា “នៅកម្ពុជាអ្នកមានប្រាក់ចំណូលទាប និងមធ្យមនៅមានចំនួនច្រើននៅឡើយ ហេតុនេះទើបការពុះដីឡូត៍លក់នៅតែលក់ដាច់”។

លោកច្រឹក សុខនីមបានបន្តថា ទោះជាយ៉ាងណាអ្នកទិញដីឡូត៍ត្រូវជួបបញ្ហាប្រឈមមួយចំនួន ដោយសារពួកគេទិញដីដែលមានកម្មសិទ្ឋច្រើនលើតំបន់តែមួយ ហេតុនេះការសាងសង់លំនៅដ្ឋានអាចមានភាពរកេតរកូត មិនសូវមានសណ្តាប់ធ្នាប់ តែការបញ្ចៀសហានិភ័យក្នុងវិស័យនេះ គឺអ្នកទិញត្រូវប្រាកដថា ដីដែលពួកគេបានទិញមានច្បាប់ត្រឹមត្រូវ បើដីនោះប្លង់រ៉ឹងតើមានការបំបែកក្បាលដីឬអត់? ឬអ្នកពុះដីឡូត៍លក់មានប្លង់រ៉ឹង តែកាត់ឲ្យអ្នកទិញត្រឹមប្លង់ទន់ នោះនឹងមានបញ្ហានាពេលក្រោយ ហេតុនេះការសិក្សាពីនិតិវិធីច្បាប់ត្រឹមត្រូវពិតជាមានសារៈសំខាន់ណាស់៕