ដោយ: គង់ លាងហួរ
អន្តរជាតិ: នាពេលថ្មីៗកន្លងទៅនេះ ប្រទេសមួយនៅទ្វីបអាហ្វ្រិក បានប្រកាសអំពីផែនការសាងសង់ អគារខ្ពស់កប់ពពកថ្មីមួយ ដែលធ្វើឡើងអំពីឈើទាំងស្រុង។
អគារនោះមានកំពស់រហូតដល់ទៅ៩៦ម៉ែត្រ ដែលស្មើនឹង២៨ជាន់ ស្ថិតនៅក្នុងខេត្ត Zanzibar ប្រទេស Tanzania នៅក្នុងទ្វីបអាហ្វ្រិក និងត្រូវបានគេចាត់ទុកថា គឺជាអគារសាងសង់ពីឈើដំបូងគេនៅទ្វីបអាហ្វ្រិក។
-->
អគារនេះ នឹងត្រូវប្រសិទ្ធិនាមឈ្មោះថា Burj Zanzibar។ វាត្រូវបានរចនាឡើង ដោយយកតាមរូបរាង ដូចជាសំបុកឃ្មុំ ហើយទោះ បីជាត្រូវសាងសង់ពីឈើយ៉ាងណាក្តី ប៉ុន្តែអគារនេះត្រូវបានស្រោបពីខាងក្រៅដោយសារធាតុ ដែលមិនងាយជ្រាបទឹក និងមិនងាយឆាបឆេះ។
សំណង់អគារនេះរចនាឡើង ស្របតាមស្តង់ដាបៃតង១០០ភាគរយ ហើយអគារនេះ នឹងផ្តល់ជូននូវសេវាកម្មជាច្រើន ដូចជាអាងហែលទឹក និងបន្ទប់ហាត់ប្រាណផងដែរ។ ស្របតាមផែនការដែលបានគ្រោងទុក គម្រោងអគារ Burj Zanzibar នឹងត្រូវចំណាយពេលវេលាសាងសង់រហូតដល់ទៅ៣ឆ្នាំ។
ទោះជាយ៉ាងណាមិញ គេក៏បានសង្កេតឃើញមានសំណង់អគារធំៗមួយចំនួន នៅលើពិភពលោកផងដែរ ដូចជាអគារធ្វើឡើងពីឈើនៅទីក្រុងប៊ែរឡាំង ដែលមានកំពស់៩៨ម៉ែត្រ និងសំណង់ប្រាសាទសាងសង់ឡើងអំពីឈើនៅប្រទេសថៃ ដែលមានកំពស់១០៥ម៉ែត្រ។
ដោយសារបញ្ហានៃការប្រែប្រួលអាកាសធាតុ នាពេលបច្ចុប្បន្ន វិស័យសំណង់ ដែលប្រើប្រាស់ស៊ីម៉ង់ បាននិងកំពុងជំរុញវិបត្តិឱ្យកាន់ តែអាប់អួរ ខណៈជាទូទៅស៊ីម៉ង់ គឺជាប្រភពបញ្ចេញឧស្ម័នកាបូនអុកស៊ីតរហូតដល់ទៅ៨% ទៅក្នុងបរិយាកាសរបស់យើង៕