ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប នឹងចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែតុលាខាងមុខនេះ។
នេះបើយោងតាមការចុះផ្សាយឱ្យដឹង ដោយសារពត៌មាន Xinhua នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ។សេចក្តីថ្លែងការណ៍ខាងលើបានបន្តថា ព្រលានយន្តហោះនេះគ្រោងនឹងបើកសម្រាប់ប្រតិបត្តិការ ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះតទៅ។
សេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងរៀបចំ និងដំណើរការជើងហោះហើរសាកល្បងមិនមែនពាណិជ្ជកម្ម និងមិនរកផលចំណេញមួយចំនួនចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៥ ខែតុលា។លើសពីនេះ ជើងហោះហើរពាណិជ្ជកម្មទាំងអស់ និងទំនិញនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ នឹងត្រូវផ្ទេរទាំងស្រុងទៅកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរចាប់ពីថ្ងៃទី ១៦ ខែតុលា។

លោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានមានប្រសាសន៍ថា អាកាសយានដ្ឋាននេះ ជាអាកាសយានដ្ឋានអន្តរជាតិកម្រិត4E ដែលមានផ្លូវរត់ប្រវែង៣.៦០០ម៉ែត្រ និងអាចទទួលការចុះចតបាន នូវយន្តហោះគ្រប់ប្រភេទ។
លោកបានបន្ថែមទៀតថា “វាជាសមិទ្ធិផលថ្មីមួយទៀត ដែលមិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ទៅដល់ប្រជាជន ដែលរស់នៅជុំវិញតំបន់នេះផងដែរ”៕




