ដោយៈ តែម សុខុម
អូសាកា: ក្រុមវិនិយោគិនសិង្ហបុរី កំពុងសម្រុកទិញអចលនទ្រព្យក្នុងប្រទេសជប៉ុន ខណៈប្រាក់យ៉េនធ្លាក់ថ្លៃ និងមានការរំពឹងទុកថានឹងសម្រេចបានកំណើន ដែលជំរុញដោយវិស័យទេសចរណ៍ក្នុងក្រុងអូសាកា (Osaka) ដែលជាទីក្រុងធំបំផុតទី២ របស់ជប៉ុន។
ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ FM Investment និយាយថា ខ្លួន បានមើលឃើញការសាកសួរព័ត៌មាន អចលនទ្រព្យបានកើនឡើង៥ខ្ទង់ចាប់តាំងពីប្រទេសជប៉ុន បើកព្រំដែនរបស់ខ្លួនក្នុងខែតុលា ដោយក្នុងនោះសិង្ហបុរី គ្របដណ្ដប់៧០%នៃការសាកសួរព័ត៌មានចំនួន៨០០នៅចន្លោះពីខែមេសា ដល់ខែមិថុនា ហើយបន្ទាប់មកគឺហុងកុង។ការលក់អចលនទ្រព្យ នៅក្នុងត្រីមាសទី២ បានកើនឡើងទ្វេដងបើធៀបនឹងការលក់ក្នុងឆ្នាំ២០២២ទាំងមូល។
ប្រាក់យ៉េន របស់ជប៉ុន បានធ្លាក់ថ្លៃប្រមាណ៨%ធៀបនឹងដល្លារសិង្ហបុរី និងដុល្លារហុងកុង ក្នុងឆ្នាំនេះ ដោយបង្កើនអំណាចនៃការទិញរបស់អ្នកវិនិយោគអចលនទ្រព្យ ដែលកំពុងស្វែងរកទិញអចលនទ្រព្យធូរថ្លៃនៅក្រៅសិង្ហបុរី និងហុងកុង ដែលជាទីផ្សារថ្លៃបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។បណ្ដាភ្នាក់ងារអចលនទ្រព្យនិយាយថា អ្នកទិញបានចាប់អារម្មណ៍ ជាពិសេសលើក្រុងអូសាកា ទីដែលគេគ្រោងរៀបចំពិព័រណ៍ពិភពលោក (World Expo) បន្ទាប់នៅឆ្នាំ២០២៥ ហើយកាស៊ីណូ និងរីហ្សតមួយ គ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៩។
-->
លោក ជែសុន ឡាំ (Jason Lam) សហស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រប្យ Japan Hana Real Estate ដែលមានការិយាល័យនៅក្រុងហុងកុង ក្រុងតូក្យូ និងក្រុងអូសាកា លើកឡើងថា “គម្រោងកាស៊ីណូ និងរីហ្សតនេះ នាំមកនូវការផ្លាស់ប្ដូរដ៏ពិតប្រាកដៗ”។
លោកបានបន្ថែមទៀតថា ការលក់អចលនទ្រព្យ បានកើនឡើងទ្វេរដង ចាប់តាំងពីប្រទេសជប៉ុន បើកព្រំដែនឡើងវិញស្វាគមន៍ភ្ញៀវទេសចរកាលពីខែតុលា ហើយការសាកសួរព័ត៌មាន អចលនទ្រព្យពីសំណាក់ប្រទេសសិង្ហបុរី បានកើនឡើង៣ដង។លោកគូសបញ្ជាក់ថា ពិព័រណ៍ពិភពលោក ដែលជាព្រឹត្តិការណ៍អន្តរជាតិ បានរៀបចំឡើងរៀងរាល់៥ឆ្នាំម្តង និងគម្រោងកាស៊ីណូ និងរីហ្សតខាងលើនេះ ត្រូវបានរំពឹងថានឹងជំរុញទេសចរណ៍ ព្រមទាំងតម្រូវការលំនៅដ្ឋាន និងកន្លែងស្នាក់នៅ សម្រាប់ភ្ញៀវទេសចរផងដែរ។
ក្រុមហ៊ុន MGM Resorts International កំពុងចាប់ដៃគូជាមួយក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុជប៉ុន Orix លើគម្រោងនេះ ដែលនឹងមានសណ្ឋាគារ កន្លែងកម្សាន្ត និងមជ្ឈមណ្ឌលសន្និសីទ ហើយនឹងប្រកួតប្រជែងដណ្ដើមភ្ញៀវ ពីបណ្ដាប្រទេសជិតខាងក្នុងតំបន់អាស៊ី ដូចជាកូរ៉េខាងត្បូង និងសិង្ហបុរី ព្រមទាំងម៉ាកាវ ផងដែរ។
អាជ្ញាធរក្រុងអូសាកា ប៉ាន់ប្រមាណថា ខ្លួនអាចទាក់ទាញភ្ញៀវទេសចរ បានប្រមាណ២០លាននាក់ក្នុងមួយឆ្នាំ ដែលជួយឱ្យប្រទេសជប៉ុន សម្រេចគោលដៅរយៈពេលវែង ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសប្រចាំឆ្នាំ ឱ្យបាន៦០លាននាក់នៅត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមការលើកឡើងរបស់លោកស្រី Angela Hanlee អ្នកវិភាគមកពីសារព័ត៌មានដ៏ល្បីល្បាញ Bloomberg៕ Japan Times៕