ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កំពុងចាត់វិធានការកែលម្អការដឹកជញ្ជូនកសិផលកម្ពុជាទៅកាន់ទីផ្សារនៃប្រទេសចិន ដោយប្រើប្រាស់ផ្លូវដែកល្បឿនលឿនតភ្ជាប់ប្រទេសឡាវ និងប្រទេសចិន។
ក្រសួងបានបន្តអះអាងថា ផ្លូវដែលកម្ពុជាដឹកទំនិញឆ្លងកាត់តាមប្រទេស ថៃ និងវៀតណាម បច្ចុប្បន្នកំពុងបង្ក ជាបញ្ហាប្រឈម និងបង្កើនការចំណាយសម្រាប់ពាណិជ្ជករ។
នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Laotian Times នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ។
លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា អ្នកវិនិយោគ និងទីប្រឹក្សាចិនជាច្រើនបានសម្តែងក្តីព្រួយបារម្ភអំពីការកើនឡើងនៃការចំណាយ និងភាពស្មុគស្មាញ ក្នុងការប្រើប្រាស់ប្រទេសជិតខាងជាផ្លូវឆ្លងកាត់សម្រាប់ដឹកទំនិញទៅកាន់ប្រទេសចិន។ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួងកំពុងសម្របសម្រួលផែនការដើម្បីជួយសម្រួលដល់អ្នកវិនិយោគចិនក្នុងការដឹកជញ្ជូនទំនិញកសិកម្មកម្ពុជាទៅកាន់ប្រទេសចិនតាមរយៈប្រទេសឡាវ ដោយប្រើប្រាស់សេវាកម្មរថភ្លើងល្បឿនលឿនថ្មីរបស់ប្រទេសនេះ។ផ្លូវដែលត្រូវបានស្នើឡើងនឹងចាប់ផ្តើមក្នុងរាជធានីភ្នំពេញ និងឆ្លងកាត់ខេត្តកំពង់ចាមត្បូងឃ្មុំ ក្រចេះ និង ស្ទឹងត្រែង មុននឹងឈានចូលទៅកាន់ប្រទេសឡាវ និងបន្តទៅកាន់ប្រទេសចិន ។