ដោយ: គង់ លាងហួរ
វ៉ាស៊ីនតោន: យោងតាមការចុះផ្សាយ ដោយសារពត៌មាន CNN បានឱ្យដឹងថា បណ្តាអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក បាននិងកំពុងមានអារម្មណ៍ល្អប្រសើរឡើង នៅក្នុងរដូវក្តៅនេះ ដោយសារអតិផរណាបានបន្តធ្លាក់ចុះ។
អារម្មណ៍របស់អ្នកប្រើប្រាស់ ដែលត្រូវបានតាមដានដោយសាកលវិទ្យាល័យ Michigan បានហក់ឡើង១១% នៅក្នុងខែកក្កដាបើធៀបនឹងខែមិថុនា ដោយឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមតួលេខចុងក្រោយនៃទិន្នន័យប្រចាំខែ។
-->
តួលេខនេះ ជាលទ្ធផលដ៏ល្អប្រសើរមួយ គិតចាប់ពីខែមិថុនា ឆ្នាំ២០២២ ដែលនៅពេលនោះ អារម្មណ៍របស់អ្នកប្រើប្រាស់បានធ្លាក់ចុះដល់កម្រិតទាបបំផុត នៅលើកំណត់ត្រា ហើយអតិផរណាបានឈានដល់កម្រិតខ្ពស់បំផុត រយៈពេល៤ទសវត្សរ៍ក្នុងរង្វង់៩,១% ។
យោងតាមការចេញផ្សាយមួយបានបង្ហាញថា ការរំពឹងទុករបស់ជនជាតិអាមេរិក សម្រាប់អត្រាអតិផរណានៅឆ្នាំខាងមុខ បានកើនដល់អត្រា៣,៤% ពោលគឺស្ថិតនៅក្រោមកម្រិតខ្ពស់៥,៤% បើធៀបនឹងខែមេសា ឆ្នាំ២០២២។
លោក Joanne Hsu នាយកផ្នែកអង្កេតនៃសាកលវិទ្យាល័យ Michigan បានឱ្យដឹងនៅក្នុងការចេញផ្សាយមួយថា “សរុបមកការហក់ឡើងយ៉ាងខ្លាំង នៃមនោសញ្ចេតនាអ្នកប្រើប្រាស់ គឺបណ្តាលមកពីការបន្តថយចុះនៃអតិផរណា រួមជាមួយនឹងស្ថិរភាពនៅក្នុងទីផ្សារការងារផងដែរ”។
យោងតាមការស្ទាបស្ទង់មតិផ្សេងទៀត ក៏បានឆ្លុះបញ្ចាំងពីការកើនឡើងនូវសុទិដ្ឋិនិយមផងដែរ ដែលមួយផ្នែកបណ្តាលមកពីការធ្លាក់ចុះនៃអតិផរណានាពេលថ្មីៗនេះ។ ចំណែក សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ប្រចាំខែ បានកើនឡើងសម្រាប់ខែទី៣ជាប់ៗគ្នា ក្នុងខែកក្កដា។
លើសពីនេះ យោងតាមការស្ទង់មតិទៅលើអ្នកសេដ្ឋកិច្ច និងអ្នកវិភាគ ដែលចេញផ្សាយដោយសមាគមជាតិ សម្រាប់សេដ្ឋកិច្ចធុរកិច្ចនៅសប្តាហ៍នេះបានបង្ហាញផងដែរថា អាជីវកម្មបានរីករាយក្នុងស្ថានភាពសេដ្ឋកិច្ចដែលល្អប្រសើរឡើង ដូចជាការកើនឡើងនៃការលក់ និងប្រាក់ចំណេញ រួមជាមួយនឹងការធ្លាក់ចុះនៃតម្លៃសម្ភារៈជាដើម៕