ដោយៈ តែម សុខុម
ប៉េកាំង: ទីក្រុងធំៗបំផុតនៃប្រទេសចិន រួមមានរដ្ឋធានីប៉េកាំង និងក្រុងស៊ឹនជិន (Shenzhen) ផងបានបញ្ជាក់កាលពីចុងសប្តាហ៍កន្លងទៅថា ពួកគេនឹងអនុវត្តវិធានការនានា ដើម្បីបំពេញតម្រូវការរបស់អ្នកទិញផ្ទះ ឱ្យកាន់តែប្រសើរឡើង ដើម្បីជំរុញវិស័យអចលនទ្រព្យ ដែលកំពុងឃើញសញ្ញាងើបឡើងវិញតិចតួច។
ការប្ដេជ្ញានេះធ្វើឡើង បន្ទាប់ពីមេដឹកនាំកំពូលៗ នៅឯកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានប្ដេជ្ញាក្នុងខែនេះថា នឹងធ្វើការកែសម្រួល និងបង្កើនប្រសិទ្ធភាព គោលនយោបាយអចលនទ្រព្យឱ្យបានទាន់ពេលវេលា ហើយរដ្ឋមន្ត្រីទទួលបន្ទុកលំនៅឋានបានសន្យាថា នឹងចាត់វិធានការអនុវត្តន៍កាន់តែមានប្រសិទ្ធភាព។
ទីផ្សារនានារំពឹងថា ក្រុមអ្នកបង្កើតគោលនយោបាយ នឹងបង្ហាញវិធានការបន្ថែមទៀត ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យ មានស្ថិរភាពឡើងវិញ បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន។
វិស័យអចលនទ្រព្យនៃប្រទេសចិន បានដាំក្បាលចុះយ៉ាងខ្លាំង ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន យ៉ាងច្រើនបានជួបវិបត្តិសាច់ប្រាក់បានខកខាន ទូទាត់បំណុលជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្នុងនោះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុត របស់ពិភពលោក China Evergrande Group បានស្ថិតនៅចំចំណុចកណ្តាលនៃវិបត្តិនេះ។
មន្ទីរលំនៅឋានក្រុងប៉េកាំង កាលពីយប់ថ្ងៃសៅរ៍ សប្ដាហ៍មុននិយាយថា ខ្លួននឹងគិតគូរពីស្ថានភាព អចលនទ្រព្យរបស់ទីក្រុងនេះដោយយកចិត្តទុកដាក់ និងធ្វើការជាមួយមន្ទីរពាក់ព័ន្ធ ដើម្បីអនុវត្តន៍ការសន្យារបស់ក្រុមអ្នកបង្កើតគោលនយោបាយ។
ទន្ទឹមនេះទីក្រុងស៊ឹនជិន ក៏បានធ្វើសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។កាសែតផ្លូវការ Guangzhou Daily ក៏បានរាយការណ៍កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនដែរថា មន្ទីរលំនៅឋានក្រុងគ័ងចូវ (Guangzhou) បានប្តេជ្ញាចាប់ផ្តើមវិធានការណ៍ គោលនយោបាយពាក់ព័ន្ធឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ Reuters៕






