រដ្ឋាភិបាល​កំពុង​រៀបចំ​ច្បាប់​របប​សន្តិសុខ​សង្គម​ឲ្យ​បុគ្គលិក​វិស័យ​ឯកជន​​មាន​ប្រាក់​សោធន​និវត្តន៍​

0

​ដោយ​ ​វុត្ថា

ភ្នំពេញ​៖​ ​រាជា​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ ​បាន​នឹង​កំពុង​ពន្លឿន​នៃ​ការរៀបចំ​ច្បាប់​របប​សន្តិសុខ​សង្គម​ ​ដែល​ឲ្យ​បុគ្គលិក​ធ្វើការ​នៅក្នុង​វិស័យ​ឯកជន​ ​និង​មន្រ្តី​រាជការ​មាន​ប្រាក់​សោធន​និវត្តន៍​ដូចគ្នា​។​



លោក​ ​ស្រី​ ​ងួន​ ​សុខា​ ​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ ​នៃ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ ​ឡេង​ ​ប៉េង​ឡុង​ ​អគ្គលេខាធិការ​រដ្ឋសភា​ ​កាល​ថ្ងៃទី៦​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩កន្លងមក​បាន​ឲ្យដឹង​ថា​ ​ចាប់ពី​ឆ្នាំ២០១៩ទៅ​ ​វិស័យ​ឯកជន​នឹង​មានរបប​សោធន​និវត្តន៍​ដូច​មន្រ្តី​រាជការ​ដែរ​ ​ដោយ​បច្ចុប្បន្ន​ក្រុមការងារ​អន្តរក្រសួង​មួយ​ ​ដែល​មាន​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​រួម​ជាមួយ​ក្រ​សួង​ផ្សេង​ៗ​ទៀត​ ​បាន​រួមគ្នា​រៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​។​ ​សេចក្តី​ព្រាងច្បាប់​នេះ​ ​មាន​ជំពូក​មួយ​និយាយ​ពី​របប​សោធន​និវត្តន៍​។​

​លោកស្រី​បន្ត​ថា​ ​នៅក្នុង​របប​សោធន​និវត្តន៍​នៃ​ច្បាប់​ថ្មីនេះ​ ​នឹង​បញ្ចូល​ការ​ដាក់ឲ្យ​អនុវត្ត​នូវ​ន៍​របប​សោធន​និវត្តន៍​សម្រាប់​វិស័យ​ឯកជន​ ​និង​ការ​ធ្វើ​កំណែទម្រង់​របប​សោធន​និវត្តន៍​មន្រ្តី​រាជការ​ដែល​មានស្រាប់​។​ ​សេចក្តី​ព្រាងច្បាប់​ថ្មី​បាន​កំណត់​ថា​ ​បុគ្គលិក​ឯកជន​ដែល​ធ្វើការ​ក្នុង​វិស័យ​ឯកជន​ដែល​ធ្វើការ​បាន៣០ឆ្នាំ​ ​នឹង​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​ប្រមាណ ៦០ ភាគរយ​ ​នៃ​ប្រាក់បៀវត្សរ៍​សរុប​ ​ដែល​ខុសពី​បច្ចុប្បន្ន​មន្រ្តី​រាជការ​ ​ចូលនិវត្តន៍​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍៨០ភាគរយ​នៃ​ប្រាក់បៀវត្សរ៍​មូលដ្ឋាន​។​

​លោក​ឡេង​ ​ប៉េង​ឡុង​ ​អគ្គលេខាធិការ​រដ្ឋសភា​បាន​សម្តែង​ការ​ឯកភាព​ចំពោះ​គោលបំណង​ដែល​ចង់​អោយ​មាន​គោលការណ៍​រួមគ្នា​ ​រវាង​ស្ថ​ប័ន​នី​តិ​ប្ប​ញ្ញ​តិ្ត​ ​និង​នីតិប្រតិបត្តិ​ ​ឬ​ជាមួយ​វិស័យ​ឯកជន​នៅ​លើ​ចំនុច​ខ្លះ​នោះ​។​ ​លោក​បាន​បញ្ជាក់​ថា​ ​កន្លងមក​មានច្បាប់​មួយចំនួន​ហើយ​ ​ដែល​ស្ថាប័ន​នីតិប្បញ្ញត្តិ​ ​និង​នីតិប្រតិបត្តិ​ ​ឬ​វិស័យ​ឯកជន​ ​បាន​អនុវត្ត​រួមគ្នា​ដូចជា​ច្បាប់​ពន្ធដារ​ ​ច្បាប់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ ​ច្បាប់​លទ្ធកម្ម​ ​ដូ​ចេ្នះ​ច្បាប់​របប​សន្តិសុខ​សង្គម​ក៏អាច​អនុវត្ត​បាន​ទាំងអស់គ្នា​ដែរ​។​

​អគ្គលេខាធិការ​រដ្ឋសភា​រូប​នេះ​ ​បាន​កោតសរសើរ​ ​និង​វាយតម្លៃ​ខ្ពស់​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​យកចិត្ត​ទុកដាក់​ដំឡើង​ប្រាក់បៀវត្សរ៍​ ​និង​ការ​ទទួល​បាន​អត្ថ​ប្រយោជន៍​នានា​ជូន​មន្រ្តី​រាជការ​ ​កម្មករ​ ​និយោជិក​ ​ដែល​ធ្វើឲ្យ​ជីវភាព​ពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។​ ​

​ទាក់ទង​សេចក្តី​ព្រាងច្បាប់​ថ្មីនេះ​ ​លោក​បាន​ស្នើ​ដល់​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា​ ​សហការ​ជាមួយ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ក្នុង​ការសិក្សា​ឲ្យបាន​លម្អិត​បន្ថែម​ទៀត​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here