ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមទិន្នន័យពាណិជ្ជកម្មបានបង្ហាញនៅថ្ងៃអង្គារនេះថា ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងបានដាំក្បាលចុះលើសពីការរំពឹងទុកនៅក្នុងខែកក្កដា និងក្នុងល្បឿនដ៏លឿនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង៣ឆ្នាំជាប់ៗគ្នាកន្លងមក។
បញ្ហានេះកំពុងបង្កើននូវក្តីបារម្ភថា ការដាំក្បាលចុះនៃការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងអាចបន្តអូសបន្លាយពេលយូរជាងការរំពឹងទុក ស្របពេលដែលតម្រូវការពីប្រទេសចិនបន្តធ្លាក់ចុះជាបន្តបន្ទាប់។
ទំហំទឹកប្រាក់នៃការនាំចេញទំនិញទៅក្រៅប្រទេសរបស់ប្រទេសនេះបានដាំក្បាលចុះ១៦,៥ភាគរយ មកត្រឹម៥០,៣៣ពាន់លានដុល្លារអាមេរិកក្នុងខែកក្កដា បើធៀបនឹងការធ្លាក់ចុះត្រឹមតែ៦ភាគរយនៅក្នុងខែមិថុនា។
-->
ក្រសួងពាណិជ្ជកម្មកូរ៉េបានអះអាងថា ការដាំក្បាលចុះយ៉ាងខ្លាំងនៃការនាំចេញនៅក្នុងខែកក្កដា គឺបណ្តាលមកពីឧស្សាហកម្ម semiconductor ធ្លាក់ចុះ និងតម្លៃប្រេងធ្លាក់ចុះ ដោយក្រសួងបន្ថែមថា រដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជំរុញការនាំចេញឡើងវិញ។
នៅខែកក្កដា ការនាំចេញសារធាតុ semiconductors បានដាំក្បាលចុះ៣៣,៦ភាគរយ ដែលជាលទ្ធផលកាន់តែអាក្រក់ បើធៀបនឹងការដាំក្បាលត្រឹមតែ២៨ភាគរយកាលពីខែមិថុនា និងជាការដាំក្បាលចុះអស់១២ខែជាប់ៗគ្នាសម្រាប់វិស័យនេះ។ ការនាំចេញផលិតផលប្រេងបានដាំក្បាលចុះ៤២,៣ភាគរយ ប៉ុន្តែការនាំចេញរថយន្តបានហក់ឡើង១៥ភាគរយ។
ជាក់ស្តែង ការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់ប្រទេសចិនបានដាំក្បាលចុះ២៥,១ភាគរយ ខណៈដែលការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក៏បានធ្លាក់ចុះអស់៨,១ភាគរយ និង៨,៤ភាគរយរៀងៗគ្នាផងដែរ៕