ប្រទេសថៃ កំណត់គោលដៅប្រមូលចំណូលទេសចរណ៍ឱ្យបាន៨៣ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤

0

តែម សុខុម

យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) ឱ្យដឹងថា ឧស្សាហកម្ម “គ្មានផ្សែង” របស់ប្រទេសថៃ ត្រូវបានរំពឹងថានឹងរកប្រាក់ចំណូលបានរហូតដល់ទៅ៨៦,៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ ដែលស្មើនឹងកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩។

ចំនួនភ្ញៀវបរទេសដែលមកលេងប្រទេសថៃ បានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ២០២២ ឈានដល់១១,៥លាននាក់ ដោយលើសគោលដៅដែលបានកំណត់ចំនួន១០លាននាក់។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៤ សីហា។ទោះជាយ៉ាងណា ការចាយវាយទាបជាងមុន ខណៈជើងហោះហើរអន្តរជាតិនៅមានកម្រិត ភ្ញៀវទេសចរបរទេសភាគច្រើនមកពីបណ្ដាប្រទេសជិតខាងរួមមានកម្ពុជា ឡាវ និងវៀតណាម ជាដើម។

នៅឆ្នាំ២០២៣ អាជ្ញាធរទេសចរណ៍ថៃ (TAT) បានកំណត់គោលដៅសម្រេចឱ្យបាន៨០%នៃប្រាក់ចំណូល៦៨,៥ពាន់លានដុល្លារដែលសម្រេចបានក្នុងឆ្នាំ២០១៩ ប៉ុន្តែរំពឹងថានឹងសម្រេចបានត្រឹមតែប្រមាណ៦២ពាន់លានដុល្លារអាមេរិក ប៉ុណ្ណោះ។ សម្រាប់ឆ្នាំ២០២៤ គោលដៅកំណត់គឺធ្វើយ៉ាងណាឱ្យឈានដល់១០០%នៃប្រាក់ចំណូលសម្រេចបានក្នុងឆ្នាំ២០១៩។លោក យុតថាសាក់ ស៊ូផាសន (Yuthasak Supasorn) ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) បានថ្លែងថា ដើម្បីសម្រេចបានគោលដៅនេះ អាជ្ញាធរទេសចរណ៍ថៃ (TAT) ចាំបាច់ត្រូវអនុវត្តកិច្ចខិតខំប្រឹងប្រែងធ្វើទីផ្សារឱ្យបានពេញលេញ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវហានិភ័យខាងក្រៅដែលអាចប៉ះពាល់ដល់ប្រាក់ចំណូលរំពឹងទុក និងចំនួនភ្ញៀវទេសចរដែលចូលមកប្រទេសក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។

អាជ្ញាធរទេសចរណ៍ថៃ (TAT) បានប៉ាន់ប្រមាណថា ចំនួនភ្ញៀវទេសចរចិន ដែលមកលេងប្រទេសថៃ នឹងកើនឡើងក្នុងឆមាសទី២ ចុងឆ្នាំនេះដោយសារការងើបឡើងវិញនៃផ្លូវអាកាសថៃ-ចិន ដែលបច្ចុប្បន្នកំពុងដំណើរការប្រមាណ៤០០ជើងហោះហើរក្នុងមួយសប្តាហ៍ ដោយកើនឡើងពី១៥០ជើងហោះហើរក្នុងមួយសប្តាហ៍ក្នុងខែឧសភា។

នេះធ្វើឱ្យអាជ្ញាធរទេសចរណ៍ថៃ (TAT) មានក្តីសង្ឃឹមថានឹងអាចសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការទាក់ទាញភ្ញៀវទេសចរចិន ឱ្យបានចំនួន៥លាននាក់ពេញមួយឆ្នាំ បន្ទាប់ពីបានស្វាគមន៍ភ្ញៀវទេសចរចិន ប្រមាណ១,៥លាននាក់ក្នុងពេល៦ខែដើមឆ្នាំនេះ៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here