ក្រុមអ្នកវិនិយោគសឹង្ហបុរីស្វែងរកឱកាសវិនិយោគនៅខេត្តព្រះសីហនុ

0

ដោយៈ គង់ ហ្វីអូណា
  ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោកឯម ភាពបានជំនួបជាមួយគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី បំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគ នៅខេត្តព្រះសីហនុ។

ក្នុងដំណើរទស្សនកិច្ចនាពេលនេះ លោកបានថ្លែងអំណរគុណចំពោះលោក ហ្គារី លីម ប្រធានសហព័ន្ធធុរកិច្ចសិង្ហបុរី និងលោក ម៉ៃ ខិលតាន់ នាយកប្រតិបត្តិក្រុមហ៊ុន Aquarii BD Cambodia ដែលបានសម្របសម្រួល និងដឹកនាំគណៈប្រតិភូសហព័ន្ធធុរកិច្ច សិង្ហបុរី បំពេញទស្សនកិច្ច សិក្សាស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគ នៅខេត្តព្រះសីហនុ។

លោក ឯម ភាព អភិបាលរងខេត្តបានលើកឡើងថា ខេត្តព្រះសីហនុមានសក្តានុពលរួមមាន ធនធានធម្មជាតិតំបន់ឆ្នេរ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សកម្មភាពទេសចរណ៍ ការគ្រប់គ្រងបរិស្ថាន គម្រោងវិនិយោគនានា ក្នុងខេត្តទ្វេរពាណិជ្ជកម្មដ៏សំខាន់របស់ខេត្ត និងប្រទេ​សកម្ពុជា។

ខេត្តព្រះសីហនុមានកំពង់ផែអន្តរជាតិ ទឹកជ្រៅក្នុងប្រទេស មានហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវដែក ផ្លូវគោក ផ្លូវអាកាស និងមានផ្លូវល្បឿនលឿន ជាសរសៃឈាមសេដ្ឋកិច្ចថ្មី នៅភាគនិរតីនៃប្រទេសកម្ពុជា។

ខេត្តព្រះសីហនុ មួយរយៈពេលចុងក្រោយនេះ មានកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជន យ៉ាងឆាប់រហ័សស្របជាមួយ នឹងការផ្លាស់ប្ដូរយ៉ាងខ្លាំង ពិសេសលើហេដ្ឋារចនាសម្ព័ន្ធ ហើយវិស័យចម្បងក្នុងការអភិវឌ្ឍន៍ខេត្ត រួមមាន វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេស​ចរណ៍ និងកសិកម្ម ហិរញ្ញវត្ថុអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំណង់ និងអចលនទ្រព្យ។

លោកក៏បានបញ្ជាក់បន្ថែមថា ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយសិក្សាបែងចែកជាតំបន់ លំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម រដ្ឋបាលទេសចរណ៍ តំបន់សាសនា និងវប្បធម៌ជាដើម ផែនការនេះមានគោលបំណងប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងប្រកួតប្រជែងសាកលលោក មានភាពរីកចម្រើន និងពហុវប្បធម៌ តាមរយៈការទាក់ទាញវិនិយោគពីបរទេសក៏ដូចជាភ្ញៀវទេសចរណ៍។ អ្នកវិនិយោគអាចពិចារណាលើការវិនិយោគមួយចំនួននៅខេត្តព្រះសីហនុ រួមមាន គម្រោងទីក្រុងឆ្លាតវៃខណៈដែលខេត្តព្រះសីហនុ កំពុងអភិវឌ្ឍហើយជាទីក្រុងឆ្លាតវៃបច្ចុ​ប្បន្នយើង ក៏រកដៃគូទទួលគម្រោងអភិវឌ្ឍន៍ ចំណតឆ្លាតវៃនៅមុខផ្សារលើ ពាក់ព័ន្ធគម្រោងទីក្រុងឆ្លាតវៃ យើងត្រូវការសេវាកម្មជាច្រើនមកជួយទីក្រុងរបស់យើង ទាំងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍន៍ទីក្រុង ទាំងការអនុវត្តគម្រោងអាទិភាព ដូចជា ការគ្រប់គ្រងសំរាមឆ្លាតវៃគម្រោងអប់រំ គម្រោងថែទាំសុខភាព និងប្រព័ន្ធទឹកភ្លើងឆ្លាតវ័យជាដើម។

ក្នុងដំណើរទស្សនកិច្ច នៅខេត្តព្រះសីហនុនាពេលនេះ លោក ហ្គារី លីម ប្រធានសហព័ន្ធធុរកិច្ចសិង្ហបុរី និងលោក ម៉ៃ ខិលតាន់ នាយកប្រតិបត្តិ Aquarii BD Cambodia បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ខេត្តព្រះសីហនុ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សមិនតែប៉ុណ្ណោះខេត្តព្រះសីហនុ គឺជាខេត្តដែលមានសក្តានុពលជាច្រើន សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ មកបណ្ដា​ក់ទុន ហើយចំពោះដំណើរទស្សនកិច្ចនេះ លោកនឹងមានការចាប់អារម្មណ៍ជាច្រើន ចំពោះការធ្វើបទបង្ហាញរបស់ថ្នាក់ដឹកនាំខេត្ត អំពីសក្តានុពល និងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here