រដ្ឋបាលខេត្តកោះកុងពិចារណាក្នុងការអនុញ្ញាត្តឲ្យទេសចរណ៍ថៃចូលមកទស្សនាដោយមិនចាំបាច់មានលិខិតឆ្លងដែន

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋបាល​ខេត្ត​កោះ​កុ​ង កំពុង​ពិចារ​ណា​លើ​សំណើ​របស់​ក្រុម​ហ៊ុន​ទេស​ចរណ៍​មួយ ដែល​ស្នើ​សុំ​ការ​អនុញ្ញាត​ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​ថៃ ប្រើ​ប្រាស់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ថៃ ដោយ​មិន​មាន​លិខិត​ឆ្លង​ដែន ​អាច​មកធ្វើទេសចរណ៍​កម្សាន្ត​រយៈ​ពេល​ខ្លី ក្នុង​តំបន់​ទេស​ចរណ៍​សំខាន់ៗ​នៅ​ខេត្ត​កោះ​កុង។

អភិបាល​រង​ខេត្ត​កោះ​កុង លោកអន សុធារិទ្ធបានមានប្រសាស​ន៍​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា​​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សាគ្នា​​មួយនា​ថ្ងៃទី៩ ខែសីហា អាជ្ញា​ធរ​ខេត្ត​បាន​ទទួល​សំណើ​រ បស់​ក្រុម​ហ៊ុន​ទេស​ចរណ៍​មួយ​ ដែល​ស្នើ​សុំ​ការ​អនុ​ញ្ញាត​ ជា​គោល​ការ​ណ៍​​ពិសេស សម្រា​ប់​ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​ថៃ ប្រើ​ប្រាស់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ថៃ ដែល​មិន​បាន​យក​លិខិត​ឆ្លង​ដែន ​មក​ជាប់​តាម​ខ្លួន គឺ​អាច​មក​ធ្វើ​ទេស​ចរណ៍​កម្សាន្ត​រយៈ​ពេល​ខ្លី​ ក្នុង​តំបន់​ទេស​ចរណ៍​សំខាន់ៗ​ ក្នុង​ខេត្ត​កោះ​កុងបាន​។លោកបាន​បន្ត​ថា បន្ទាប់​ពី​ពិភាក្សា​ហើយ អាជ្ញា​ធរ​ខេត្តបាន​ប្រមូល​យោ​បល់ និង​គំនិត​ល្អៗ​ជា​ច្រើន​ ពី​សំណាក់​សមាជិក​ពាក់​ព័ន្ធ​ទាំង​អស់​ សម្រាប់​ជា​មូល​ដ្ឋាន​ក្នុង​ការ​សិក្សា​​នីតិ​វិធី​បន្ត ចំពោះ​ករណី​សំណើ​សុំ​ខាង​លើ ដើម្បី​ត្រៀម​រាយ​ការណ៍ ​​ទៅ​ខាង​ក្រសួង​ទេស​ចរណ៍​។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ ក៏​មិន​ទាន់​មាន​ការ​សម្រេច​អ្វី​ណា​មួយ​ឡើយ ​ជា​មួយ​ក្រុម​ហ៊ុន​ទេស​ចរណ៍ ហើយ​រាល់​សំណើ ​ដែល​ក្រុម​ហ៊ុន​ស្នើ​សុំ​នេះ អាច​នឹង​មាន​ការ​ប្រជុំ និង​មាន​ការ​ពិភាក្សា​គ្នា​ជា​បន្ត​បន្ទាប់​ទៀត។លោកបានបន្ថែមថា ពីព្រោះ​ករណី​សំណើ​នេះ វា​ជា​លើក​ដំបូង​សម្រាប់​ខេត្ត​កោះ​កុង ខណៈ​ដែល​យោង​តាម​ឯក​សារ​ផ្សេងៗ និង​លិខិ​ត​បទ​ដ្ឋាន​គតិ​យុត្តនា​នា​របស់​ក្រសួង គឺ​តម្រូវ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ត្រូវ​មាន​លិខិត​ឆ្លង​ដែន​។

លោកអន សុធារិទ្ធបានមានប្រសាសន៍ឲ្យដឹងទៀតថា “ប្រសិ​ន​ជា​ក្នុង​ករណី​ ទទួល​បាន​ការ​ឯក​ភាព​លើ​សំណើ​ហ្នឹង​ហើយ នោះ​វា​អាច​នឹង​កើន​ភ្ញៀវ​ទេស​ចរ​ចូល​មក ដើម្បី​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​របស់​ខេត្ត តាម​រយៈ​ភ្ញៀវ​​ទេស​ចរ​ចូល​មក​កម្សាន្ត ប៉ុន្តែ​ចំពោះ​សំ​ណើ​នេះ​យើង​មិន​ទាន់​សម្រេច​​ទេ”។ លោកបន្តថា “យើង​ត្រូវ​ការ​ប្រមូល​ធាតុ​ចូល​ពី​សំណាក់​សមា​ជិក​ពាក់​ព័ន្ធ​បន្ថែម​ទៀត ដើម្បី​យើង​មាន​មូល​ដ្ឋាន​ធ្វើ​របាយ​ការណ៍​ដាក់​ជូន​ក្រសួង​”។

ទន្ទឹម​នឹង​សំណើ​របស់​ក្រុម​ហ៊ុន​ទេស​ចរណ៍​នេះ លោក​ថា អាជ្ញា​ធរ​ខេត្ត ក៏​កំពុង​តែ​ខិត​ខំ​ធ្វើ​យ៉ាង​ណា ​លើក​កម្ពស់​វិស័យ​ទេស​ចរណ៍ ដើម្បី​ឱ្យ​មាន​កំណើន​ភ្ញៀវ​ទេស​ចរ​ជាតិ និង​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ចូល​មក​លេង​កម្សាន្ត​ខេត្ត​កោះ​កុង​ផង​ដែរ​។

អភិបាល​រង​ខេត្តបាន​​បន្ថែម​ថា ​ចំពោះ​កំណើន​ភ្ញៀវ​ទេស​ចរ​មក​ពី​ប្រទេស​ថៃ ក្នុងពេល​​បច្ចុប្បន្ន​នេះ គឺ​មិន​សូវ​មាន​ចំនួន​ច្រើន​ ចូល​មក​កម្សាន្ត​ក្នុង​ខេត្ត​កោះ​កុងទេ ស្រប​ពេល​​កន្លង​មក​អាជ្ញា​ធរ​ខេត្ត ក៏​បាន​សិក្សា​អំពី​កម្ម​វិធី​មួយ​ទៀត គឺ​ការ​ចុះ​អនុ​ស្សរ​ណៈយោគ​យល់​គ្នា​ចំពោះ​ខេត្ត ​ជាប់​ព្រំ​ដែន​រវាង​កម្ពុជា​-​វៀត​ណាម​ និង​ថៃ ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេស​ចរ​ចូល​មក​លេង​ខេត្ត​កោះ​កុង​​ផងដែរ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here