ដោយៈ គង់ សូរិយា
កណ្តាលៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) គ្រោងផ្តល់ជំនួយនិងរៀបចំក្រុងអរិយក្សត្រ ជាទីក្រុងគួរឲ្យចង់រស់នៅនាពេលអនាគត។
ព៌តមាននេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំឯកសារពាក់ព័ន្ធ សម្រាប់ទុកជាធាតុចូលដើម្បីក្រុមការងារថ្នាក់ជាតិ និងក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី ADB រៀបចំផែនការ- គម្រោងសម្រាប់អភិវឌ្ឍក្រុងអរិយក្សត្រ ឱ្យក្លាយទៅជាទីក្រុងគួរឱ្យចង់រស់នៅ។
លោកផុន គឹមឡុង អភិបាលរងក្រុងកាលពីថ្ងៃទី១០ សីហា បានដឹកនាំកិច្ចប្រជុំ នៅសាលប្រជុំសាលាក្រុងអរិយក្សត្រ ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំឯកសារពាក់ព័ន្ធ នឹងកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ និងក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ីADB ក្នុងគោលបំណងប្រមូលនូវបញ្ហាប្រឈមនានា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដាសង្កាត់នីមួយៗ សម្រាប់ទុកជាធាតុចូលដើម្បីក្រុមការងារថ្នាក់ជាតិ និងក្រុមការងារADB រៀបចំផែនការ-គម្រោងសម្រាប់អភិវឌ្ឍក្រុងអរិយក្សត្រ ឱ្យក្លាយទៅជាទីក្រុងគួរឱ្យចង់រស់នៅ ដោយមានការចូលរួមប្រជុំផ្ទាល់ ពីសំណាក់លោក សម សិរីពុទ្ធិ នាយករងរដ្ឋបាលសាលាក្រុង លោកស្រី ហង្ស ដាឡែន ប្រធានការិយាល័យលទ្ធកម្ម, លោកស៊ុន ឡាយ ប្រធានការិយាល័យផែនការ និងគាំទ្រសង្កាត់ និងមន្រ្តីពាក់ព័ន្ឋ។








