ឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជាសម្រេចបានកំណើនទឹកប្រាក់ ជាង១០០០លានដុល្លារ

0

តែម សុខុម

ភ្នំពេញ: ឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា បានចុះបញ្ជីបុព្វលា​ភ​ធានារ៉ាប់រង (ចំនួនទឹកប្រាក់ដែលត្រូវបង់) សរុបចំនួន៨១,២លានដុល្លារអាមេរិក ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ដោយកើនឡើង៦,៣%ពី៧៦,៣៥លានដុល្លារ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

របាយការណ៍របស់និយ័តករធានារ៉ាប់រងកម្ពុជា (IRC) បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ទី១០ សីហា ថា កំណើននេះសម្រេចបាន ដោយក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។

សំណងដែលក្រុមហ៊ុនធានារ៉ាប់រង បានទូទាត់ជូនអតិថិជនរបស់ខ្លួនមានចំនួនសរុប៧,៧លានដុល្លារ ក្នុងត្រីមាសទី២ ឆ្នាំនេះ ដោយកើនឡើង២៧,៦% ពី៦,០៣លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ដដែលបង្ហាញថា វិស័យធានារ៉ាប់រងនៅកម្ពុជា មានទ្រព្យសម្បត្តិសរុបចំនួន១,០៥ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី២ឆ្នាំនេះ កើនឡើង១០,៨% បើធៀបនឹងឆមាសទី២ ឆ្នាំមុន។

លោកប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) មានប្រសាសន៍ថា វិស័យធានារ៉ាប់រងបានរួមចំណែក ប្រមាណ១,១%​នៃផលទុនជាតិសរុប (GDP) ប្រចាំឆ្នាំរបស់កម្ពុជា។

លោកបានបន្ថែមថា “កំណើននៃវិស័យធានារ៉ាប់រង នៅកម្ពុជា មានកម្រិតទាបនៅឡើយ បើធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក”។

ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា “ទីផ្សារធានារ៉ាប់រងរបស់កម្ពុជា នៅមានឱកាសរីកចម្រើនបន្ថែមទៀត”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here