ដោយ: គង់ លាងហួរ
វៀងចន្ទន៍: ប្រទេសឡាវគ្រោងខ្ចីប្រាក់ចំនួន១,៨ពាន់លានបាត (ប្រហែល៥១លានដុល្លារ) ពីប្រទេសថៃ ដើម្បីអភិវឌ្ឍស្ថានីយ៍ Khamsavath នៅទីក្រុងវៀងចន្ទន៍ ដែលមានទីតាំងនៅជិតព្រំដែននៃប្រទេសទាំង២។
លោក Peerames Vudthitornetiraks ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជិតខាង (NEDA) របស់ប្រទេសថៃ បានលើកឡើងថា បច្ចុប្បន្នយើងគ្រោងនឹងស្នើសុំការអនុម័តពីគណៈរដ្ឋមន្ត្រីដើម្បីផ្តល់ប្រាក់កម្ចីចំនួន១,៨ពាន់លានបាតដល់ប្រទេសឡាវ សម្រាប់អភិវឌ្ឍតំបន់ស្ថានីយKhamsavath។
ស្ថានីយ Khamsavath គឺជាផ្នែកមួយនៃគម្រោង ផ្លូវរថភ្លើងឡាវ-ថៃ ដែលតភ្ជាប់ខេត្ត Nong Khai របស់ប្រទេសថៃទៅកាន់រដ្ឋធានីវៀងចន្ទន៍។លោក Peerames បានមានប្រសាសន៍ថា “គម្រោងផ្លូវដែកនេះគឺស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍផ្លូវដែកជាតិរបស់ប្រទេសឡាវ ហើយវានឹងជួយជំរុញពាណិជ្ជកម្មឆ្លងព្រំដែន និងទេសចរណ៍រវាងប្រទេសថៃ ឡាវ និងខេត្តភាគខាងត្បូងនៃប្រទេសចិន”។
លោក Peerames បានបន្ថែមថា ប្រទេសឡាវបានស្នើសុំជំនួយពីប្រទេសថៃក្នុងការបណ្តុះបណ្តាលប្រតិបត្តិករផ្លូវដែកនៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះរវាងតំណាងមកពីប្រទេសទាំងពីរ។
ប្រសិនបើប្រាក់កម្ចីនេះត្រូវបានអនុម័ត នោះនឹងនាំឱ្យការផ្តល់ជំនួយហិរញ្ញវត្ថសរុបពីសំណាក់ប្រទេសថៃដល់ប្រទេសឡាវកើនដល់ទៅ១៥,៣២ពាន់លានបាត ដែលស្មើនឹង៧០% នៃថវិកាទាំងមូលដែលទីភ្នាក់ងារ Neda បានស្នើសុំដើម្បីជួយដល់បណ្តាប្រទេសជិតខាង៕






