ក្រុមហ៊ុនយក្ស Blackstone ស្វះស្វែងទិញអចលនទ្រព្យនៅជប៉ុន បន្ថែមទៀត ក្រោយលក់ចេញអចលនទ្រព្យ៤,៥ពាន់លានដុល្លារ

0

តែម សុខុម

តូក្យូ: ក្រុមហ៊ុនអាមេរិក Blackstone កំពុងស្វែងរកទិញអចលនទ្រព្យនៅប្រទេសជប៉ុន បន្ថែមទៀត បន្ទាប់ពីខ្លួនបានលក់ចេញអចលនទ្រព្យដែលមានតម្លៃសរុបប្រមាណ៤,៥ពាន់លានដុល្លារ កាលពីឆ្នាំមុន ស្របពេលអ្នកវិនិយោគអន្តរជាតិចាប់អារម្មណ៍ខ្លាំងលើអចលនទ្រព្យក្នុងប្រទេសដែនកោះនេះ។

លោក ដាយស៊ូកិ គីតតា (Daisuke Kitta) ប្រធានផ្នែកអចលនទ្រព្យប្រចាំប្រទេសជប៉ុន នៃក្រុមហ៊ុន Blackstone បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មដ៏ធំបំផុតរបស់ពិភពលោកមួយនេះកំពុងស្វះស្វែងទិញអចលនទ្រព្យបន្ថែមទៀតដោយមានគម្រោងដេញថ្លៃជាច្រើននៅក្នុងដៃ ហើយអចលនទ្រព្យដូចជាសណ្ឋាគារ និងមជ្ឈមណ្ឌលរក្សាទិន្នន័យជាដើមកំពុងស្ថិតក្នុងគម្រោងទិញ។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៤ សីហា។

ក្រុមហ៊ុនផ្ដល់សេវាកម្មអចលនទ្រព្យអាមេរិក Cushman & Wakefield ឱ្យដឹងថា ការស្វះស្វែងទិញអចលនទ្រព្យបន្ថែមនេះកើតមានឡើង បន្ទាប់ពីក្រុមហ៊ុននេះបានសម្រុកលក់ចេញអចលនទ្រព្យក្នុងឆ្នាំ២០២២ រួមទាំងអចលនទ្រព្យតម្លៃប្រមាណ១,៣ពាន់លានដុល្លារ ដែលលក់ឱ្យទៅអ្នកវិនិយោគដូចជា ក្រុមហ៊ុន GIC និងក្រុមហ៊ុន Gaw Capital Partners ផងដែរ។

លោក Daisuke Kitta បានលើកឡើងក្នុងបទសម្ភាសមួយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថា “ផែនការរបស់យើងបានកើនឡើងចាប់តាំងពីរដូវផ្ការីក។ ទីបំផុតក្រុមការងារទិញលក់របស់យើងកំពុងចាប់ផ្តើមអាជីវកម្មវិញហើយ”។

ការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសជប៉ុន មានភាពរស់រវើកខ្លាំងបើប្រៀបធៀបទៅនឹងបណ្ដាប្រទេសដទៃទៀតដោយសារធនាគារនៅក្នុងប្រទេសនេះផ្ដល់អត្រាការប្រាក់ទាបបំផុត ដែលទាក់ទាញអ្នកវិនិយោគបរទេស៕ Japan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here