គណៈប្រតិភូនៃសភាពាណិជ្ជកម្មថៃ មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសពាណិជ្ជកម្ម និងការវិនិយោគ

0

តែម សុខុម

បាងកក: គណៈប្រតិភូនៃសភាពាណិជ្ជកម្មថៃ កាលពីពេលថ្មីៗនេះបានធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងស្វែងរកឱកាសពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀតនៅកម្ពុជា។

លោក វ៉ូរ៉ាថាត តាន់ទីអួងគុលស៊ុក (Voratat Tantiongkolsuk) ដែលបានដឹកនាំគណៈប្រតិភូថៃ ចូលជួបពិភាក្សាជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៥ ខែសីហា បានថ្លែងថា “អំឡុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូរបស់យើងគ្រោងទៅសិក្សាស្វែងយល់នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ។ យើងមានគោលបំណងស្វែងយល់ពីឱកាសពាណិជ្ជកម្ម និងការវិនិយោគ ហើយក៏ស្វែងរកដៃគូអាជីវកម្មដ៏មានសក្តានុពលផងដែរ”។

លោកបន្ថែមថា ក្រុមប្រឹក្សាវិនិយោគថៃ (BOI) បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពង្រឹងការវិនិយោគរវាងប្រទេសទាំងពីរ។

លោក ប៉ាន សូរស័ក្តិ បានស្វាគមន៍គណៈប្រតិភូថៃ ដែលមានបំណងស្វែងយល់ពីឱកាសធុរកិច្ចនៅកម្ពុជា។

លោកមានប្រសាសន៍ថា “កម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានក្លាយជាមេដែកឆក់ស្រូបទាញអ្នកវិនិយោគទូទាំងពិភពលោក។ កម្ពុជា ទាក់ទាញការវិនិយោគបានយ៉ាងច្រើនពីប្រទេសដូចជា ចិន ជប៉ុន កូរ៉េ សហរដ្ឋអាមេរិក អង់គ្លេស និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន”។

លោកក៏បានសង្កត់ធ្ងន់ពីភាពទាក់ទាញផ្នែកធុរកិច្ចរបស់កម្ពុជា ផងដែរ ដោយលើកឡើងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរបស់កម្ពុជា ជាមួយប្រទេសមួយចំនួនដូចជា ចិន កូរ៉េ និងអារ៉ាប់រួមអេមីរ៉ាត ជាដើម៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here