ដោយៈ តែម សុខុម
សៀងហៃ: និយ័តករមូលបត្រនៃប្រទេសចិន បានបង្ហាញកញ្ចប់វិធានការថ្មី កាលពីថ្ងៃសុក្រ ទី១៨ ខែសីហា ដើម្បីស្តារឡើងវិញនូវផ្សារហ៊ុនរបស់ខ្លួនដែលកំពុងដាំក្បាលចុះ។
ទោះជាយ៉ាងណា ក្រុមអ្នកវិនិយោគបានលើកឡើងថា វិធានការទាំងនោះ នឹងជួយបានតិចតូចណាស់ ក្នុងការបង្កើនទំនុកចិត្តក្នុងទីផ្សារ ប្រសិនបើសេដ្ឋកិច្ចនៅតែធ្លាក់ចុះ។
-->
គណៈកម្មាធិការនិយ័តកម្មមូលបត្រចិន (CSRC) បានស្នើវិធានការនានា រួមទាំងការកាត់បន្ថយថ្លៃដើមនៃការជួញដូរ ការគាំទ្រការទិញយកភាគហ៊ុនត្រលប់មកវិញ និងការលើកទឹកចិត្តដល់ការវិនិយោគរយៈពេលវែង ដើម្បីគាំទ្រដល់ផ្សារហ៊ុន ដែលបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល៩ខែផងដែរ។
និយ័តករមូបត្រនិយាយថា ខ្លួនមិនដឹងទេថានឹងមាន ឬគ្មានការកាត់ពន្ធប្រថាប់ត្រា ជាវិធានការមួយ ដែលត្រូវបានលើកយកទៅពិភាក្សានាពេលថ្មីៗនេះ ព្រោះគណៈកម្មាធិការនិយ័តកម្មមូលបត្រចិន (CSRC) និយាយថា វិធានការទាំងនោះ ហួសដែនអំណាចរបស់ខ្លួន ដោយសារវាស្ថិតក្រោមដែន អំណាចរបស់ក្រសួងហិរញ្ញវត្ថុ។
វិធានការផ្សេងៗទៀត ដែលដាក់ចេញដោយគណៈកម្មាធិការនិយ័តកម្មមូលបត្រចិន (CSRC) រួមទាំងការជំរុញការអភិវឌ្ឍមូលនិធិសមធម៌ ការសិក្សាផែនការបន្ថែមម៉ោងជួញដូរ និងការធ្វើឱ្យប្រសើរឡើង នូវភាពទាក់ទាញរបស់បណ្ដាក្រុមហ៊ុន ដែលបានចុះបញ្ជីផងដែរ។
ក្រុមមេដឹកនាំនៃប្រទេសចិន កាលពីចុងខែកក្កដា បានប្តេជ្ញាពង្រឹងឡើងវិញនូវផ្សារហ៊ុន ដែលបាននិងកំពុងដាំក្បាលចុះផងដែរ ខណៈការងើបឡើងវិញនៃសេដ្ឋកិច្ចចិន បានបាត់បង់សន្ទុះ ហើយវិបត្តិក្នុងទីផ្សារអចលនទ្រព្យក៏កាន់តែធ្ងន់ធ្ងរទៅៗ៕ Reuters៕