ដោយៈ តែម សុខុម
វៀងចន្ទន៍: អាជ្ញាធរប្រទេសឡាវ និងថៃ បានពិភាក្សាគ្នាអំពីផែនការសិក្សាសមិទ្ធលទ្ធភាព សាងសង់ផ្លូវល្បឿនលឿនថ្មីមួយខ្សែ ពីខេត្តសុវណ្ណាខេត (Savannakhet) របស់ឡាវ ឆ្ពោះទៅកាន់ព្រំដែនវៀតណាម ដែលនៅក្បែរនោះ ដោយតភ្ជាប់ប្រទេសថៃ ភាគឦសានជាមួយប្រទេសឡាវ។
អភិបាលរងខេត្តសុវណ្ណាខេត លោក សេណេសាក់ ស៊ូលីសាក់ (Senesak Soulysak) បានស្នើផែនការសិក្សាសមិទ្ធលទ្ធភាពសម្រាប់ការសាងសង់ផ្លូវល្បឿនលឿននេះ ទៅអតីតរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែថៃ លោក សុនធីរ៉ាត់ សុនធីជីរ៉ាវង់ (Sonthirat Sonthijirawong) រួមជាមួយនឹងមន្ត្រីថៃ ដទៃទៀត។
-->
យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃពុធ ទី២៣ ខែសីហា ឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿនថ្មីនេះ មានប្រវែង១៦០គីឡូម៉ែត្រ ដែលនឹងរត់ពីទីរួមខេត្តសុវណ្ណាខេត ឆ្ពោះទៅកាន់ច្រកត្រួតពិនិត្យព្រំដែនឡាវ បាវ (Lao Bao Border Check Point) ជាមួយវៀតណាម ហើយភ្ជាប់ជាមួយប្រទេសថៃ។
រួមជាមួយគម្រោងផ្លូវល្បឿនលឿននេះ អភិបាលរងខេត្តឡាវ បានគូសបញ្ជាក់ថា ការវិនិយោគលើការសាងសង់សណ្ឋាគារ លំដាប់ផ្កាយ៥ និងទីលានវាយកូនហ្គោល និងសេវាកម្មដឹកជញ្ជូនអន្តរជាតិជាដើម នឹងជួយជំរុញការអភិវឌ្ឍបន្ថែមទៀត នៅក្នុងខេត្តនេះ ដែលទទួលបានរួចទៅហើយ នូវកំណើននៃការវិនិយោគពីបរទេស ក្នុងវិស័យថាមពលកកើតឡើងវិញ។
យោងតាមអាជ្ញាធរខេត្តឡាវ ឱ្យដឹងថា ផ្លូវល្បឿនលឿននេះនឹងជួយជំរុញពាណិជ្ជកម្ម ដោយសារខេត្តនេះ ស្ថិតនៅក្នុងច្រករបៀងសេដ្ឋកិច្ចបូព៌ា-បស្ចិម (East West Economic Corridor)។
ក្នុងចំណោម២១ប្រទេស ប្រទេសថៃ គឺជាអ្នកវិនិយោគបរទេសធំបំផុតទី២ នៅក្នុងខេត្តសុវណ្ណាខេត បន្ទាប់ពីប្រទេសចិន ក្នុងឆ្នាំ២០២៣៕ Laotian Times៕