ផែនការអាទិភាពនិងបន្ទាន់ចំនួន៦ត្រូវបានប្រកាសដាក់ចេញដោយនាយករដ្ឋមន្រ្តីថ្មីកម្ពុជា

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពទាំង៦ សម្រាប់ការចាប់ផ្តើមអនុវត្តភ្លាមៗក្នុងឆ្នាំ២០២៣។

ការដាក់ចេញនូវគោលនយោបាយនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមថ្លែងឧទ្ទេសនាមស្តីពី “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” និង “វិធានការគន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៤ សីហា ២០២៣។

ឯកឧត្តមបានមានប្រសាស​ន៍ថា ក្នុងតួនាទីជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នឹងជំរុញការអនុវត្ត កម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលត្រូវចាប់អនុវត្ត ក្នុងឆ្នាំ២០២៣ នេះតែម្ដង រួមមានទី១ ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

ទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ទី៣ ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។

ទី៤ ការដាក់ចេញយុទ្ធសាស្ត្រស្ដីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព ចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ ទី៦ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមថ្វីជនបទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here