ឯកអគ្គរាជទូតកម្ពុជាចំនួន៧រូបគ្រោងទាក់ទាញវិនិយោគិន និងភ្ញៀវ ទេសចរឲ្យមកកម្ពុជាបានកាន់តែច្រើន

0

ដោយៈ ហ្វីអូណា

ភ្នំពេញៈ លោកលុយ ដេវីដតំណាងឯកអគ្គរាជទូតកម្ពុជាចំនួន៧រូបបានប្ដេជ្ញា ​ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរបរទេស ឲ្យមកកម្ពុជាបានកាន់តែច្រើន  ដើម្បីបង្កើតការងារនៅក្នុងស្រុក លើកកម្ព​ស់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសង្គមជាតិ។

ការប្ដេជាចិត្ដនេះធ្វើឡើង ក្នុងឱកាសដែលសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីចំនួន៧រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលអញ្ជើញ ទៅបំពេញបេសកកម្មការទូត ប្រចាំនៅប្រទេសជាមិត្តនានា ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

លោកលុយ ដាវីត តំណាងឯកអគ្គរាជទូត ទំាងអស់បានប្តេជ្ញា នៅចំពោះមុខ សម្តេចប្រធានព្រឹទ្ធសភា ថានឹងខិតខំបំពេញភារកិច្ចការទូត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឱ្យបានសក្តិសមជាតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។

ឯកអគ្គរាជទូតទំាងអស់បានសន្យាថា នឹងខិតខំអនុវត្តតាម អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេច ប្រធានព្រឹទ្ធសភា និងខិតខំផ្សព្វផ្សាយអំពីវឌ្ឍនភាព និងការរីកចម្រើនរបស់ប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនង សហប្រតិបត្តិការ ល្អប្រសើរជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រទេស ផ្សេងៗទៀត ព្រមទាំងខិតខំទាក់ទាញ វិនិយោគិននិងអ្នកទេសចរ ឲ្យមកកម្ពុជាបានកាន់តែច្រើន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់កិត្យានុភាពជាតិ នៅក្នុងក្របខ័ណ្ឌតំបន់ និងលើពិភពលោក។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តមទាំង៧រូបដែលត្រូវ បានព្រះមហាក្សត្រតែងតាំង ជាឯកអគ្គរាជទូតប្រចាំប្រទេសជាមិត្តនានា។

សម្តេចបានបន្តថា “ការទៅបំពេញភារកិច្ច ដ៏ខ្ពង់ខ្ពស់នាពេលនេះ ស្របពេលនឹងការវិវត្តន៍ថ្មី នៅកម្ពុជាយើង ដែលរដ្ឋសភាទើបតែ បាន បើកសម័យប្រជុំដំបូងនីតិកាលទី៧ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា”។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានផ្តាំផ្ញើចំពោះឯកឧត្តម     ឯកអគ្គរាជទូតទាំង៧រូប ត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរ ដើម្បីផលប្រ យោជន៍ ទៅវិញទៅមករវាងព្រះរាជណាចក្រកម្ពុជា និងប្រទេសជាមិត្តដែលខ្លួនតាំង នៅទាំងពេលបច្ចុប្បន្ន និងតទៅអនាគតយូរអង្វែង។

សម្តេចបញ្ជាក់ថា “ដើម្បីសម្រេចគោលបំណងនេះ ត្រូវយកចិត្តទុកដាក់កសាងទំនាក់ទំនងល្អ ជាមួយនឹងបណ្តាស្ថាប័ន និងជាមួយប្រជាជននៃប្រទេសនីមួយៗឲ្យបានល្អប្រសើរ”។សម្តេចបន្ថែមថា “ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់គិតគូរ ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរ ដែលកំពុងរស់នៅប្រកបអាជីវកម្ម និងធ្វើការងារនៅប្រទេសដែលខ្លួនតាំងនៅ”។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួនជូនដល់ឯកឧត្តម ឯកអគ្គរាជទូត ទំាងអស់ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាព ការណ៍ពិត និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាជូនដល់សាធារណៈ មតិជាតិ និងអន្តរជាតិ ជាពិសេស នៅប្រទេសដែលកំពុង បំពេញភារកិច្ច។ ត្រូវផ្តល់ព័ត៌មានឲ្យបានរហ័ស ចំពោះសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ ក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរបរទេស មកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន ព្រមទាំងសកម្មផ្សព្វ ផ្សាយអំពីវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏ល្អរបស់កម្ពុជាយើងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here