ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវការងារចាំបាច់ និងអាទិភាពមួយចំនួន ដើម្បីលើកកំពស់សេដ្ឋកិច្ចសង្គម។
ការប្រកាសនេះ បានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាលើកដំបូង នៃរាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់លោកកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
-->
លោកកិត្តិទេសាភិបាលបណ្ឌិត បានប្រកាសដាក់ចេញ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនោះ រួមមាន៖ ការធានាចំនួន៥ កម្មវិធីនយោបាអាទិភាពចំនួន៦ និងដោះស្រាយបញ្ហាប្រឈមអាទិភាពចំនួន៥។
ទាក់ទងនឹងគោលយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី ឯកសារគោលនយោបាយ ដែលបានប្រកាសកាលពីព្រឹកថ្ងៃទី២៤ សីហាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងគ្រប់វិស័យ ដោយផ្តោតអាទិភាព លើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ រួមបញ្ចូលផងដែរ នូវការពង្រឹងគោលការណ៍នីតិរដ្ឋ និងការពង្រឹងយុត្តិធម៌ក្នុងសង្គម ព្រមទាំងការបង្កើនប្រសិទ្ធភាព និងការលើកកម្ពស់គុណភាពសវាសាធារណៈ។
ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែលមានស្ថិរភាពរឹងមាំ ធន់នឹងវិបត្តិ និងទ្រទ្រង់ដល់កំណើនខ្ពស់ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌, ការបន្តផ្តល់អាទិភាពខ្ពស់ទៅ លើការវិនិយោគលើមូលធនមនុស្ស ដោយផ្តោតលើការកែទម្រង់វិស័យអប់រំ និងវិស័យសុខាភិបាល, ការលើកកម្ពស់ និងការបង្កើនការវិនិយោគ ទាំងការវិនិយោគសាធារណៈ ទាំងការវិនិយោគឯកជន, លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា, ទាំងផ្នែករឹង ទាំងផ្នែកទន់ ដើម្បីបង្កើនភាពទាក់ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាបម្រើដល់សេចក្តីត្រូវការគ្រប់ ផ្នែករបស់ប្រជាជន ការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការបង្កើតបរិយាកាសអំណោយផល ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងធុរកិច្ចថ្មី ឱ្យរីកលូតលាស់ ការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ការបង្កើនភាពស៊ីជម្រៅ និងការពង្រឹងភាពធន់ហិរញ្ញវត្ថុ ព្រមទាំងការពង្រីកបរិយាប័ន្នហិរញ្ញវត្ថុ រួមបញ្ចូលនូវការរៀបចំ និងការកែលម្អក្របខ័ណ្ឌ និងយន្តការហិរញ្ញប្បទាន ព្រមទាំងការធ្វើពិពិធកម្មផលិតផល និងសេវាហិរញ្ញវត្ថុ សំដៅរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគ និងការជំរុញធ្វើបរិវត្តកម្មឌីជីថល, ទាំងក្នុងសង្គម និងសេដ្ឋកិច្ច។ល។
រដ្ឋាភិបាលក៏ធានាបន្តជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន តាមរយៈការ ផ្តល់ជូនដល់ស្រទាប់យុវជន នូវការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ ការជួយកសិករក្នុងការពង្រីកផលិត- កម្មករ និងការរកទីផ្សារលក់កសិផល ដោយថ្លៃសមរម្យ ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ព្រមជាមួយនឹងការកែលម្អលក្ខខណ្ឌការងារ និងការការពារអាជីព ជូនកម្មករ-និយោជិត។
ការបន្តដំឡើងបៀវត្សអប្បបរមា និងប្រាក់សោធននិវត្តន៍ ជូនមន្ត្រីរាជការសាធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងអតីតយុទ្ធជន គួបផ្សំជាមួយ នឹងការរៀបចំប្រព័ន្ធបៀវត្ស និងប្រព័ន្ឋមួយនឹងការកែលម្អលក្ខខណ្ឌការងារ និងការការពារអាជីព ជូនកម្មករ-និយោជិត; ការបន្តដំឡើងបៀវត្សអប្បបរមា និង ប្រាក់សោធននិវត្តន៍ ជូនមន្ត្រីរាជការសាធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និង អតីតយុទ្ធជន គួបផ្សំជាមួយ នឹងការរៀបចំប្រព័ន្ធបៀវត្ស និងប្រព័ន្ធលើកទឹកចិត្តក្នុងវិស័យសាធារណៈ ឱ្យកាន់តែមាន ប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើគុណាធិបតេយ្យ សំដៅលើកកម្ពស់ ផលិតភាពការងារ, សមិទ្ធកម្ម និង ជីវភាពមន្ត្រីសាធារណៈ ឱ្យមានសង្គតិភាព ជាមួយកំណើន សេដ្ឋកិច្ច និងលទ្ធភាពនៃថវិកាជាតិ ។ល។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏ធានានូវសុវត្ថិភាពសង្គម និង លំនឹងក្នុងការរស់នៅរបស់ប្រជាជន ទាំងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត, តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គម ដែលរួមបញ្ចូលនូវ របបជំនួយសង្គម និងរបបសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប, ជាពិសេស គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារ ងាយរងហានិភ័យ, ពីគ្រោះអាសន្ន និងវិបត្តិនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរងគ្រោះ ដោយមិនមានការយកចិត្តទុកដាក់នោះឡើយ៕