ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនសណ្ឋាគារថៃនឹងបន្តផែនការពង្រីកខ្លួនឆ្ពោះទៅមុខ ខណៈពួកគេមិនមានការភ្ញាក់ផ្អើល ឬព្រួយបារម្ភចំពោះការដាំក្បាលចុះក្នុងវិស័យអចលនទ្រព្យចិននោះទេ។ នេះបើយោងតាមក្រុមហ៊ុនបដិសណ្ឋារកិច្ច Dusit International ។
លោកស្រី Suphajee Suthumpun នាយកប្រតិបត្តិក្រុមហ៊ុន Dusit group បានលើកឡើងថា ក្រុមហ៊ុននៅតែផ្តោតលើការអភិវឌ្ឍសណ្ឋាគារជាជាងអចលនទ្រព្យ ពោលគឺមិនដូចក្រុមហ៊ុន Evergrande និង Country Garden ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុនោះទេ។
លោកស្រី Suphajee បានមានប្រសាសន៍ថា វិស័យអចលនទ្រព្យមិនអាចប៉ះពាល់ដល់ការវិនិយោគរបស់ក្រុមហ៊ុន Dusit នៅក្នុងសណ្ឋាគារថ្មីចំនួន២នៅក្នុងប្រទេសចិនក្នុងឆ្នាំនេះនោះទេ។
-->
ទោះជាយ៉ាងណាក្តី ក្រុមហ៊ុននឹងបន្តតាមដានស្ថានភាពនេះ ទាក់ទងនឹងផលប៉ះពាល់ដែលអាចកើតមានទៅលើការចំណាយលើវិស័យទេសចរណ៍ជាទូទៅ ដោយសារការដាំក្បាលចុះនៃវិស័យអចលនទ្រព្យនឹងជះផលវិបាកលើការប្រើប្រាស់នៅក្នុងប្រទេសចិន។
នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុននៅតែមានអត្រាស្នាក់នៅ(occupancy rate) ដែលមានសុខភាពល្អក្នុងរង្វង់ប្រហែល៦០% ទៅ៧០% នៅប្រទេសចិន ពោលគឺប្រហាក់ប្រហែលគ្នាទៅនឹងកម្រិតមុនជំងឺរាតត្បាត ដោយសារមានការយកចិត្តទុកដាក់របស់ទីក្រុងប៉េកាំងលើវិស័យទេសចរណ៍ក្នុងស្រុក។រួមជាមួយនឹងសណ្ឋាគារចំនួនពីរ ដែលក្រុមហ៊ុន Dusit បានបោះទុនវិនិយោគក្នុងឆ្នាំនេះ ក្រុមហ៊ុននឹងមានសណ្ឋាគារចំនួន១៣ទីតាំងនៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២៣នេះ។
ខណៈលោក Srettha Thavisin មកពីគណបក្សភឿថៃ ត្រូវបានអនុម័តឱ្យក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃក្នុងសប្តាហ៍នេះ លោកស្រី Suphajee បានបញ្ជាក់ថា ការបង្កើនប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់៦០០បាតគឺជាគោលនយោបាយដ៏ល្អមួយ។ទោះជាយ៉ាងណាក្តី សណ្ឋាគារសង្ឃឹមថារដ្ឋាភិបាលថ្មីនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃជាបណ្តើរៗ ឬផ្តល់ការគាំទ្រដល់ប្រតិបត្តិករតាមរយៈទម្រង់នៃការលើកទឹកចិត្តផ្សេងទៀត៕