ដោយៈ តែម សុខុម
វ៉ាស៊ីនតោន: អត្រាការប្រាក់កម្ចីទិញផ្ទះ នៅសហរដ្ឋអាមេរិក បានបន្តហក់ឡើងខ្ពស់ ក្នុងសប្តាហ៍នេះ ដោយបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០០១ ពោលគឺ២២ឆ្នាំមុន។
យោងតាមទិន្នន័យ ពីក្រុមហ៊ុនផ្ដល់កម្ចីទិញផ្ទះ Freddie Mac ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា បង្ហាញថា កម្ចីទិញផ្ទះ ដែលមានអត្រាការប្រាក់ថេររយៈពេល៣០ឆ្នាំ គឺគិតការប្រាក់ជាមធ្យម៧,២៣% ក្នុងសប្ដាហ៍ដែលបញ្ចប់ត្រឹមថ្ងៃទី២៤ សីហា ដោយកើនឡើងពី៧,០៩%ក្នុងសប្ដាហ៍មុននេះ។ កាលពីមួយឆ្នាំមុន អត្រាការប្រាក់ថេររយៈពេល៣០ឆ្នាំ គឺ៥,៥៥%។
-->
លោក Sam Khater ប្រធានអ្នកជំនាញសេដ្ឋកិច្ចនៅក្រុមហ៊ុន Freddie Mac លើកឡើងថា សូចនាករនៃកម្លាំងសេដ្ឋកិច្ចបច្ចុប្បន្នបង្ហាញថា អត្រាការប្រាក់កម្ចីទិញផ្ទះ ទំនងជានឹងហក់ឡើងកាន់តែខ្ពស់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
អត្រាការប្រាក់បានហក់ឡើង លើសពី៦,៥%ចាប់តាំងពីចុងខែឧសភា ហើយបានកើនឡើងកាន់តែខ្ពស់ ចាប់តាំងពីពាក់កណ្តាលខែកក្កដា។ មុនពេលអត្រាការប្រាក់កើនឡើង កាលពីសប្តាហ៍មុន អត្រាការប្រាក់គឺជាង៧% ក្នុងខែវិច្ឆិកា ឆ្នាំមុន ជាពេលដែលវាហក់ឡើងដល់៧,០៨%។
អត្រាការប្រាក់ជាមធ្យម សម្រាប់កម្ចីទិញផ្ទះរយៈពេល៣០ឆ្នាំក្នុងសប្តាហ៍នេះ គឺខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីខែមិថុនា ឆ្នាំ២០០១ ជាពេលដែលវាបានហក់ឡើងដល់៧,២៤%។
អត្រាការប្រាក់កម្ចីទិញផ្ទះបានកើនឡើងខ្លាំង អំឡុងយុទ្ធនាការទប់អតិផរណាជាប្រវត្តិសាស្ត្រ របស់ធនាគារកណ្ដាលអាមេរិក (Federal Reserve) ដោយធ្វើឱ្យលទ្ធភាពទិញផ្ទះ ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ការទិញផ្ទះមានតម្លៃថ្លៃជាងមុន ដោយសារតែការចំណាយបន្ថែមលើការផ្តល់ហិរញ្ញប្បទានកម្ចីទិញផ្ទះ និងតម្លៃផ្ទះកើនឡើង៕ CNN៕