ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Narai Hospitality Group គ្រោងនឹងបើកដំណើរការសណ្ឋាគារក្រោមយីហោ Lub d នៅក្នុងប្រទេសជប៉ុន និងប្រទេសថៃ ដើម្បីផ្តល់ជូននូវបទពិសោធន៍ នៃការរស់នៅជាមួយនឹងការរចនាទាន់សម័យ និងតំបន់ទីតាំងសំខាន់ៗ។
ម៉ាកយីហោសណ្ឋាគារ Lub d បានប្រកាសពីគម្រោងគ្រោងបើកដំណើរការសណ្ឋាគារថ្មី នៅក្នុងគោលដៅសំខាន់ៗចំនួន៣ ដូចជា នៅទីក្រុងអូសាកាប្រទេសជប៉ុន កោះតាវ និងទីក្រុង Chinatown Samyot ក្នុងប្រទេសថៃ ខណៈសណ្ឋាគារនេះកំពុងបន្តពង្រីកខ្លួននៅក្នុងតំបន់អាស៊ី។
-->
ក្រុមហ៊ុន Narai Hospitality Group ដែលជាអ្នកអភិវឌ្ឍ និងប្រតិបត្តិករអចលនទ្រព្យ Lub d និង Marasca Hotels & Resorts គ្រោង នឹងបើកដំណើរការសណ្ឋាគារចំនួន៣បន្ថែមទៀត ក្រោមយីហោ “Lub d” ដែលនឹងដំណើរការនៅឆ្នាំ២០២៣នេះ និងឆ្នាំ២០២៤ខាងមុខ។
ឈ្មោះសណ្ឋាគារថ្មីចំនួន៣នោះ រួមមានដូចជា សណ្ឋាគារ Lub d Osaka Honmachi សណ្ឋាគារ Lub d Koh Tao និងសណ្ឋាគារ Lub d Chinatown Samyot ។
សណ្ឋាគារទាំង៣ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវបទពិសោធន៍ផ្នែកបដិសណ្ឋារកិច្ចក្រោមយីហោ Lub d ដើម្បីឆ្លើយតបទៅនឹងការរស់នៅរបស់អ្នកធ្វើដំណើរវ័យក្មេង តាមរយៈការផ្តល់ជូននូវការរចនាបែបទំនើប។
លោក Nathee Nithivasin នាយកប្រតិបត្តិក្រុមហ៊ុន Narai Hospitality Group បានមានប្រសាសន៍ថា “ផែនការបើកដំណើរការសណ្ឋាគារ Lub d ថ្មីចំនួន៣នេះ គឺជាផ្នែកមួយនៃផែនការពង្រីកអាជីវកម្មជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Narai Hospitality Group” ។
លោកបន្តថា សណ្ឋាគារថ្មីទាំងនេះ នឹងពង្រឹងភាពរឹងមាំនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការពង្រីកវត្តមានរបស់ខ្លួនក្នុងឧស្សាហកម្ម បដិសណ្ឋារកិច្ចនៅតំបន់អាស៊ី ដោយផ្អែកលើបទពិសោធន៍របស់យើង ក្នុងការដំណើរការអាជីវកម្មសណ្ឋាគារ និងបម្រើសេវាកម្មនៅក្នុងប្រទេសថៃ អស់រយៈពេលជាងកន្លះសតវត្សរ៍។
លោកបានបន្ថែមថា “បច្ចុប្បន្ន យើងបានគ្រប់គ្រងសណ្ឋាគារចំនួន៥ទីតាំង ក្រោមយីហោ Lub d ដែលមានទីតាំងទាំងក្នុង និងក្រៅប្រទេស។ ជាក់ស្តែង យើងមានសណ្ឋាគារចំនួន៣ នៅក្នុងប្រទេសថៃ សណ្ឋាគារមួយនៅខេត្តសៀមរាប ប្រទេសកម្ពុជា និងសណ្ឋាគារមួយទៀតនៅទីក្រុង Makati ប្រទេសហ្វីលីពីន”៕