ផ្ទះប្រណីតៗនៅទីក្រុងឌូបៃឈរនៅលើកំពូលតារាងចំណាត់ថ្នាក់តម្លៃផ្ទះថ្លៃជាងគេបំផុតលើពិភពលោក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃផ្ទះប្រណីតនៅក្រុងឌូបៃ បានហក់ឡើង៤៨,៨%លើមូលដ្ឋានប្រចាំឆ្នាំ និង១១,៦%លើមូលដ្ឋានប្រចាំត្រីមាស គិតត្រឹមថ្ងៃទី៣០ ខែមិថុនា។

ការហក់ឡើងថ្លៃយ៉ាងគំហុកនេះ បានធ្វើឱ្យទីក្រុងឌូបៃ ឈរនៅលើកំពូលតារាងចំណាត់ថ្នាក់ពិភពលោក សម្រាប់ត្រីមាសទី៨ជាប់ៗគ្នា ខណៈទីក្រុងហុងកុងបាន​ធ្លាក់​មក ​នៅចំណាត់ថ្នាក់លេខ​៣៥។ នេះបើយោងតាមបញ្ជី ដែលចងក្រងដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល Knight Frank។

ទីក្រុងតូក្យូជាប់ចំណាត់ថ្នាក់ទីពីរក្នុងបញ្ជី ជាមួយនឹងការកើនឡើង២៦,២ភាគរយ បន្ទាប់មកគឺរដ្ឋធានីម៉ានីល របស់ប្រទេសហ្វីលីពីន ជាមួយនឹងការកើនឡើង១៩,៩ភាគរយ។

លោក Liam Bailey ប្រធានផ្នែកស្រាវជ្រាវសកលរបស់ក្រុមហ៊ុនKnight Frank បានមានប្រសាសន៍ថា “ទីផ្សារលំនៅដ្ឋានសកលនៅ​តែ​ស្ថិតក្រោមសម្ពាធពីការផ្លាស់ប្តូរទៅអត្រាការប្រាក់ខ្ពស់”។

ប៉ុន្តែលទ្ធផលចុងក្រោយបង្អស់បញ្ជាក់ថា តម្លៃផ្ទះកំពុងត្រូវបានជំរុញដោយតម្រូវការមូលដ្ឋានដ៏ខ្លាំង ការផ្គត់ផ្គង់តិច បន្ទាប់ពីមានការរំខានដល់គម្រោងសាងសង់ថ្មី ក្នុងកំឡុងពេលផ្ទុះជំងឺរាតត្បាត និងការវិលត្រឡប់របស់អ្នកធ្វើការ ទៅកាន់ទីក្រុងជាបន្តបន្ទាប់ឡើងវិញ។

ក្រុមហ៊ុនប្រឹក្សា Knight Frank បានអះអាងថា សម្រាប់ពេញមួយឆ្នាំ២០២៣នេះ តម្លៃអចលនទ្រព្យប្រណីតៗ(Prime property) នៅទីក្រុងឌូបៃ អាចនឹងស្គាល់នូវអត្រាកំណើនសរុប រហូតដល់១៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here