ក្រុមហ៊ុននាំចេញជប៉ុនជាង៧០០កំពុងរងផលប៉ះពាល់ពីបម្រាមរបស់ប្រទសចិន

0

ដោយៈ តែម សុខុម

តូក្យូ: ក្រុមហ៊ុននាំចេញចំណីអាហារជប៉ុន ជាង៧០០បានរងផលប៉ះពាល់ ដោយសារបម្រាមរបស់ប្រទេសចិន ដែលហាមប្រាមការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន បន្ទាប់ពីជប៉ុនបានបញ្ចេញទឹកដែលមានជាតិវិទ្យុកម្ម ពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។

យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Teikoku Databank ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានបង្ហាញកាលពីថ្ងៃសុក្រ ទី២៥ ខែសីហា ថា បច្ចុប្បន្នមានក្រុមហ៊ុនជប៉ុន ចំនួន៧២៧ក្រុមហ៊ុននាំចេញ ផលិតផលចំណីអាហារទៅកាន់ប្រទេសចិន ដែលស្មើប្រមាណ៨%នៃក្រុមហ៊ុនជប៉ុន ទាំងអស់ដែលដឹកជញ្ជូនទំនិញទៅកាន់ប្រទេសចិន។

របាយការណ៍ដដែលក៏បញ្ជាក់ដែរថា ក្រុមហ៊ុនជប៉ុន ចំនួន៣១៦ក្រុមហ៊ុន បាននាំចេញចំណីអាហារ ទៅកាន់ក្រុងហុងកុង ដែលបានប្រកាសបម្រាមផ្ទាល់ខ្លួន លើការនាំចូលគ្រឿងសមុទ្រជប៉ុន ពីតំបន់ចំនួន១០ បន្ទាប់ពីជប៉ុនបានបញ្ចេញទឹក ពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។ទិន្នន័យគយបង្ហាញថា ប្រទេសចិន បាននាំចូលគ្រឿងសមុទ្រក្នុងទំហំជាង៥០០លានដុល្លារអាមេរិក ពីប្រទេសជប៉ុន កាលពីឆ្នាំមុន។

កាលពីឆ្នាំ២០១១ រ៉េអាក់ទ័រចំនួន៣ នៅរោងចក្រនុយក្លេអ៊ែរ Fukushima នៅភាគឦសានប្រទេសជប៉ុន បានផ្ទុះបញ្ចេញជាតិវិទ្យុសកម្មដ៏គ្រោះថ្នាក់ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ ដ៏កំណាចដែលបានសម្លាប់មនុស្ស រហូតដល់ទៅប្រមាណ១៨.០០០នាក់។ ់

ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន TEPCO ដែលជាប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរ Fukushima ប្រមូលបានទឹកដែលមានជាតិវិទ្យុសកម្ម រួមជាមួយទឹកក្រោមដី និងទឹកភ្លៀង ដែលបានហូរចូលរោងចក្រនេះសរុប១៣៤លានម៉ែត្រគូប។

ការចាប់ផ្តើមនៃដំណើរការបញ្ចេញទឹក រោងចក្រនុយក្លេអ៊ែរ Fukushima ដែលស្មើអាងហែលទឹកអូឡាំពិក ប្រមាណ៥៤០អាងនេះ គឺជាជំហានដ៏ធំមួយ នៅក្នុងការរុះរើទីតាំង ដែលនៅតែមានគ្រោះថ្នាក់ខ្លាំងនៅឡើយមួយនេះ។ការបញ្ចេញទឹកសំណល់នេះ ត្រូវបានទីភ្នាក់ងារថាមពលបរមា​ណូអន្តរជាតិ (AEA) ចាត់ទុកថាមានសុវត្ថិភាព។

ទោះជាយ៉ាងណា ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ថា “មហាសមុទ្រគឺជាកម្មសិទ្ធិរួមរបស់មនុស្សជាតិទាំងអស់ ហើយការចាប់ផ្តើមបញ្ចេញទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រ Fukushima ទៅក្នុងមហាសមុទ្រនេះ គឺជាទង្វើមិនគិតគូរ ចំពោះផលប្រយោជន៍សាធារណៈអន្តរជាតិ”។

ប្រទេសជប៉ុន “មិនបានបញ្ជាក់ពីភាពស្របច្បាប់” នៃផែនការ ឬ “ភាពគួរឱ្យជឿទុកចិត្តយូរអង្វែង នៃឧបករណ៍បន្សុទ្ធទឹកសំណល់នុយក្លេអ៊ែរ” នោះឡើយ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here