ដោយ: គង់ លាងហួរ
ប៉េកាំង: មន្ត្រីរដ្ឋាភិបាលចិនមួយរូប បានមានប្រសាសន៍ថា ភាពជឿនលឿនដ៏ធំសម្បើម បានកើតឡើងតាមរយៈការរួមគ្នា កសាងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ នៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
នៅក្នុងអត្ថបទដែលបានចុះហត្ថលេខា នាពេលថ្មីៗនេះ ដោយលោក Zheng Shanjie ប្រធានគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចជាតិ របស់ប្រទេសចិន បានបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការជាង២០០។
-->
ឯកសារទាំងនោះស្តីពី ការកសាងរួមគ្នាលើគម្រោងខ្សែក្រវាត់ និងផ្លូវ ជាមួយបណ្តាប្រទេសចំនួន១៥២ និងអង្គការអន្តរជាតិចំនួន៣២ ដែលគ្របដណ្តប់៨៣ភាគរយ នៃបណ្តាប្រទេសដែលទីក្រុងប៉េកាំងបានបង្កើតទំនាក់ទំនងការទូតជាមួយ។
លោក Zheng បានបន្តថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធកាន់តែអាចចូលដំណើរការបាន តាមរយៈកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ដោយលើកឡើងពីគម្រោងសំខាន់ៗជាច្រើន ដូចជា ផ្លូវដែកតភ្ជាប់ប្រទេសចិន និងអឺរ៉ុប ច្រករបៀងពាណិជ្ជកម្មដី-សមុទ្រអន្តរជាតិថ្មី និងផ្លូវដែកចិន-ឡាវ។
លោក Zheng បានឱ្យដឹងទៀតថា ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២២ ការនាំចូល និងនាំចេញទំនិញរវាងប្រទេសចិន និងបណ្តាប្រទេសតាមបណ្តោយខ្សែក្រវាត់ និងផ្លូវ បានកើនឡើងជាមធ្យម៨,៦ភាគរយជារៀងរាល់ឆ្នាំ ដោយបន្ថែមថា ការវិនិយោគទ្វេរភាគីកើនឡើងលើសពី២៧០ពាន់លានដុល្លារអាមេរិក។
នៅក្នុងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រៅប្រទេស ដែលបង្កើតឡើងដោយសហគ្រាសចិន ក្នុងបណ្តាប្រទេសស្ថិតតាមបណ្តោយខ្សែក្រវាត់ និងផ្លូវ បានបង្កើតការងារក្នុងស្រុកចំនួន៤២១.០០០កន្លែង ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
យោងតាមការប៉ាន់ប្រមាណបង្ហាញថា នៅឆ្នាំ២០៣០ ការកសាងរួមគ្នា លើគម្រោងខ្សែក្រវាត់ និងផ្លូវ នឹងអាចជួយដល់មនុស្សចំនួន៧,៦លាននាក់ ឱ្យងើបចេញពីភាពក្រីក្រខ្លាំង និង៣២លាននាក់ចេញពីភាពក្រីក្រកម្រិតមធ្យម នៅក្នុងបណ្តាប្រទេសដែលចូលរួម”៕