ដោយៈ តែម សុខុម
បាងកក: លោក ឆៃ អ៊ាមស៊ីរី (Chai Eamsiri) នាយកប្រតិបត្តិក្រុមហ៊ុន Thai Airways International បានអះអាងថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ កំពុងប្រឹងប្រែងកែលម្អអាជីវកម្ម និងរំហូរសាច់ប្រាក់របស់ខ្លួន ដើម្បីជួយឱ្យខ្លួនមានលទ្ធភាព ទូទាត់សងបំណុលនៅឆ្នាំ២០៣១។
យោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៧ ខែសីហា ឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បាន និងកំពុងស្ថិតក្នុងដំណើរការ ស្តារអាជីវកម្មរបស់ខ្លួនឡើងវិញចាប់តាំងពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។
-->
លោក Chai Eamsiri ថ្លែងថា ក្រុមហ៊ុនរបស់លោកសម្រេចបានវឌ្ឍនភាពយ៉ាងធំ នៅក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន Thai Airways និងក្រុមហ៊ុន Thai Smile Airways និងការពន្លឿនការទូទាត់សងបំណុល ដល់ម្ចាស់បំណុលចំនួន៣៦ក្រុម។
បំណុលសរុបរបស់ក្រុមហ៊ុននៅពេលនេះ រួមទាំងប្រាក់ដើម និងការប្រាក់ បានកើនឡើងលើស៤១០ពាន់លានបាត ឬ១១,៦៦ពាន់លានដុល្លារអាមេរិករួចទៅហើយ។
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងទូទាត់សងបំណុលប្រមាណ១០ពាន់លានបាត (២៨៤,៥លានដុល្លារអាមេរិក) ទៅម្ចាស់បំណុលរបស់ខ្លួននៅឆ្នាំក្រោយ។
លោកបានបន្ថែមថា “រយៈពេល៨ឆ្នាំ គិតចាប់ពីពេលនេះតទៅ ក្រុមហ៊ុន Thai Airways នឹងទូទាត់សងបំណុល ពីគ្រប់ក្រុមម្ចាស់បំណុលទាំងអស់។ ប្រសិនបើយើងមានសាច់ប្រាក់គ្រប់គ្រាន់ នៅក្នុងដៃ នោះយើងនឹងសងបំណុលផ្សេងៗកាន់តែឆាប់រហ័ស។ បច្ចុប្បន្នក្រៅពីការធ្វើផែនការអាជីវកម្មយ៉ាងហ្មត់ចត់ យើងត្រូវប្រមូលសាច់ប្រាក់នៅក្នុងដៃ ដើម្បីត្រៀមសម្រាប់ការទូទាត់សងបំណុល។ បច្ចុប្បន្នយើងមានប្រាក់ចំនួន៥០ពាន់លានបាត (ជាង១,៤២ពាន់លានដុល្លារអាមេរិក) នៅក្នុងដៃ ដោយមួយចំនួននៃប្រាក់ទាំងនោះយើងត្រៀមប្រើប្រាស់ សម្រាប់ការទូទាត់បំណុលនៅឆ្នាំក្រោយ”៕ The Nation៕